ក្រោមដំបូលនៃសន្តិភាព ថ្ងៃនេះនាវាទេសចរណ៍ SEABOURN ENCORE មានភ្ញៀវទេសចរជិត៥០០នាក់ បានចូលចត និងទស្សនាសក្កានុពលនៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ SEABOURN ENCORE មានអ្នកទេសចរចំនួនប្រមាណជិត ៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចូលចតដើម្បីទស្សនាសក្កានុពលនៅខេត្តព្រះសីហនុ ជាថ្មីឡើងវិញ បន្ទាប់ពីមានការរាំងស្ទះជាងពីរឆ្នាំដោយសារជំងឺកូវីដ-១៩។
នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក ៦.៧ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២នាក់ ស្រី ៩៣នាក់ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។
ក្នុងដំណើរចូលចតនោះដែរ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួឡស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទេសចរណ៍របស់នាវា ក៏ដូចជាភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា ក្នុងទឹកដីខេត្តព្រះសីហនុ ដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នាវាទេសចរណ៍នេះដែរ បានចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាមទៀតផងដែរ៕