នាវា Nautica ផ្ទុកដោយភ្ញៀវបរទេសជិត១ពាន់នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាវាឈ្មោះ Nautica សញ្ជាតិ អាយឡែន បានផ្ទុកដោយភ្ញៀវបរទេសជិត១ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។
របាយការណ៍បានឱ្យដឹងថា នៅក្នុងនាវានេះមាន៖
* នាវិក ចំនួន ៤០៧នាក់ ស្រី៦៩នាក់ មាន ៣៦សញ្ជាតិ
* ភ្ញៀវទេសចរ ចំនួន ៥៣៥នាក់ ស្រី ២៨៨នាក់ មាន ២៤សញ្ជាតិ
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេមកតាមនាវានេះគឺ អាមេរិក ចំនួន ៣៦០នាក់ កាណាដា ចំនួន ៨៧នាក់ និង អ៊ុយក្រែន ចំនួន ៤៣នាក់។
សូមជម្រាបថា នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងត្រឡប់ទៅប្រទេសវៀតណាមវិញ នៅម៉ោង១៨និង០០នាទី ថ្ងៃខែឆ្នាំដដែល៕