គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា «ភូមិទេសចរណ៍គំរូ»
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា «ភូមិទេសចរណ៍គំរូ» ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួម ពីតំណាងរាជធានីខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺពិភាក្សាដើម្បីផ្តល់ធាតុចូលថ្មីៗបន្ថែមទៀត ទៅក្នុងសេចក្តីព្រាងស្តង់ដារ «ភូមិទេសចរណ៍គំរូ» សំដៅឲ្យឯកសារនេះកាន់តែមានភាពសុក្រឹត និងបន្ស៊ីគ្នាទៅនឹងស្ថានភាពជាក់ស្តែងនៃបណ្តាភូមិនានានៅទូទាំងប្រទេសកម្ពុជា។
ភូមិទេសចរណ៍ត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈពិសេសរបស់ភូមិនីមួយៗ ដោយភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌-ធម្មជាតិ បរិស្ថាន បេតិកភណ្ឌ សង្គម បុរាណវិទ្យា និងការ ប្រតិបត្តិតាមប្រពៃណីរបស់ភូមិនីមួយៗ។
ការរៀបចំនូវសេចក្តីព្រាងស្តង់ដា «ភូមិទេសចរណ៍គំរូ» នេះឡើងគឺក្រោមគំនិតផ្តួចផ្តើម២៖ ទី១ គឺអង្គការទេសចរណ៍ពិភពលោក (UNWTO) និងទី២ គឺយោងទៅតាមគោលនយោបាយ ទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិ-ទេសចរណ៍នៅតាមជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង «ផែនទីចង្អុលផ្លូវ» របស់រាជរដ្ឋាភិបាល ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីត-១៩។
គោលបំណងនៅក្នុងស្តង់ដា «ភូមិទេសចរណ៍គំរូ» មាន៤ចំណុចធំៗ៖
១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ សំដៅដល់ការជំរុញទាក់ទាញទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីត-១៩។
២៖ ផ្តើមចេញពីការអភិវឌ្ឍភូមិទេសចរណ៍ យើងអាចទាក់ទាញទាំងទេសចរក្នុងស្រុក ទាំងទេសចរ អន្តរជាតិឲ្យទៅទស្សនា និងកម្សាន្តនៅតាមជនបទ ដែលអាចបង្កើតការងារ និងចំណូលជាច្រើន បន្ថែមទៀតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាកត្តាជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ទេសចរណ៍។
៣៖ ផលបានមកពីការអភិវឌ្ឍ «ភូមិទេសចរណ៍» គឺអាចឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការ អភិរក្សវប្បធម៌ និងធម្មជាតិ។
៤៖ ដោយសារការងារ និងចំណូលបានមកពីវិស័យកសិ-ទេសចរណ៍ យើងក៏អាចទទួលជោគជ័យ ដល់កិច្ចខិតខំប្រឹងប្រែងគាំពារដល់បរិស្ថាន ព្រមទាំងជីវៈចម្រុះផងដែរ។
សូមបញ្ជាក់ផងដែរថា ការរៀបចំចលនាប្រឡងប្រណាំង «ភូមិទេសចរណ៍ឆ្នើម» នេះ ក៏ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលិខិតលេខ ៣៦៤. សជណចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ក្រោយទទួលបានជ័យលាភី «ភូមិទេសចរណ៍ឆ្នើម»
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងជ្រើសរើសយក «ភូមិទេសចរណ៍ឆ្នើម» ចំនួន៣ ទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិក្រោមយន្តការអង្គការទេសចរណ៍ពិភពលោក (UNWTO) លើកទី២ ក្នុងឆ្នាំ២០២២នេះ។
លទ្ធផលពីការប្រកួតប្រជែងថ្នាក់អន្តរជាតិនេះ អាចឲ្យយើងធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញនូវវប្បធម៌ ធម្មជាតិ និងប្រពៃណីទៅកាន់សកលលោក។ ម្យ៉ាងទៀតយើងក៏អាចធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅ តាមបណ្តាភូមិនានាទូទាំងប្រទេស ហើយក៏នឹងជំរុញឱ្យមានការនាំចេញនៅនឹងកន្លែងពីប្រជា កសិករខ្មែរផ្ទាល់តែម្តងដែលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប៕