កម្ពុជាជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីចូលរួមប្រឡងប្រណាំង «ភូមិទេសចរណ៍ឆ្នើម» ជាមួយភូមិដទៃទៀតជុំវិញពិភពលោក
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីដាក់ជាបេក្ខភាពចូលរួមប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)» ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។
គោលបំណងនៃការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមនេះ គឺចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជនបទឲ្យកាន់តែប្រសើរឡើង សំដៅស្ដារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាអភិវឌ្ឍភូមិដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ឱ្យទទួលបម្រើសេវាកម្មជូនទេសចរប្រកបដោយគុណភាពល្អប្រសើរ ស្របតាមស្តង់ដាពិភពលោក។
ការចូលរួមប្រកួតប្រជែងនឹងផ្ដល់នូវឱកាសដល់ភូមិបេក្ខភាព ក៏ដូចជាភូមិដែលមានសក្ដានុពលទេសចរណ៍នេះ អាចអភិវឌ្ឍភូមិដ្ឋានឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងភូមិនៃប្រទេសនានាជុំវិញពិភពលោក។ ចលនាចូលរួមប្រឡងប្រណាំងនេះនឹងរៀបចំឡើងដើម្បីដាក់បេក្ខភាពភូមិគំរូទាំង០៣នោះដាក់ជូនគណៈកម្មការវាយតម្លៃនៃអង្គការទេសចរណ៍ពិភពលោក។ អ្វីដែលសំខាន់ក្នុងការរៀបចំនេះ គឺផ្ដោតទៅលើសូចនាករសំខាន់មួយចំនួន៖ តើភូមិទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ខ្លាំងប៉ុណ្ណា, តើប្រជាជនមានការចូលរួមក្នុងសកម្មភាពទេសចរណ៍ ការថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ ប្រពៃណី វប្បធម៌បានកម្រិតណា ហើយនៅក្នុងភូមិទាំងនេះមានអ្វីដែលគួរឱ្យទាក់ទាញពិសេសខ្លាំងប៉ុណ្ណា? ព្រមទាំងមានសូចនាករលម្អិតផ្សេងទៀតផងដែរ។
ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ទេសចរណ៍ជនបទកាន់តែមាននិន្នាការកើនឡើង ស្របនឹងកំណើនទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្រ ឬកោះជាដើម។ ការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក៏ជាផ្នែកមួយនៃ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីជំរុញបរិយាបន្នសង្គម-សេដ្ឋកិច្ច និងអាចចូលរួមដល់ការសម្រេចគោលការណ៍សកល «មិនទុកនរណាម្នាក់ចោល» ព្រមទាំងគាំទ្រដល់សកម្មភាពរស់ឡើងវិញនៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឱ្យងើបចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។
គួរជម្រាបថា ក្រសួងទេសចរណ៍ក៏បានទទួលការអនុញ្ញាតឱ្យបញ្ចូលកម្មវិធីប្រកួតប្រជែងភូមិឆ្នើមនេះ ទៅក្នុងយន្តការដែលមានស្រាប់នៃការប្រឡងប្រណាំងទីក្រុងស្អាត ក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ដែលមានក្រសួងទេសចរណ៍ជាប្រធាន។