ក្រសួងទេសចរណ៍ចេញប្រកាសស្ដីពីការកែសម្រួល និងដាក់ឱ្យប្រើប្រាស់ «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា»
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញប្រកាសស្ដីពីការកែសម្រួល និងដាក់ឱ្យប្រើប្រាស់ «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា» ក្នុងនោះអាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលកំណត់ជាសហគ្រាសធុនធំ ត្រូវអនុវត្តតាមស្ដង់ដាសណ្ឋាគារបៃតងកម្ពុជានេះ ចំណែកសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលកំណត់ជាសហគ្រាសធុនតូច និងមធ្យម អាចអនុវត្តដោយស្ម័គ្រចិត្ត។
យោងតាមប្រការ២នៃប្រកាសនេះ បានបញ្ជាក់ថា អាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលបានកំណត់ចំណាត់ថ្នាក់ធុរកិច្ចទេសចរណ៍ជាសហគ្រាសធុនតូច និងមធ្យម អាចអនុវត្តស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា ជាលក្ខណ្ឌស្ម័គ្រចិត្ត។ ចំណែកឯអាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលបានកំណត់ចំណាត់ថ្នាក់ធុរកិច្ចទេសចរណ៍ជាសហគ្រាសធុនធំ ត្រូវអនុវត្តស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា ជាលក្ខណ្ឌតម្រូវ។
ប្រការ២បានបន្តថា អាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ត្រូវយកចិត្តទុកដាក់អនុវត្តរាល់ការណែនាំ និងគោលការណ៍ទាំងឡាយមានកំណត់ក្នុងស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា ដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងធានានិរន្តរភាព តាមរយៈការយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ការប្រើប្រាស់ផលិតផលបៃតង ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងគុណភាពខ្យល់ ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាកប្រើប្រាស់សារធាតុគីមីដែលគិតគូរដល់បរិស្ថាន។
ជាមួយគ្នានេះដែរ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ការដាក់ឱ្យប្រើប្រាស់ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជានេះដែរ នឹងអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២តទៅ។ ចំពោះប្រកាសលេខ ០៧២ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការអនុវត្តស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា ត្រូវទុកជានិរាករណ៍។
លោកអះអាងថា ការចេញប្រកាសនេះគឺជាការជួយសម្រួលបន្ទុកម្ចាស់អាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ធុនតូច និងមធ្យម កុំឱ្យជាប់កាតព្វកិច្ចស្នើសុំស្ដង់ដាសណ្ឋាគារបៃតងកម្ពុជាដូចមុនទៀត។
លោក គឹម សេរីរដ្ឋ បានបន្តថា កាលពីមុន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍តម្រូវឱ្យអាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ (សហគ្រាសធុនតូច មធ្យម និងធុនធំ) ត្រូវស្នើសុំស្ដង់ដាសណ្ឋាគារបៃតងកម្ពុជាទាំងអស់គ្នា។ រាល់ការផ្ដល់ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជានេះ គឺមានសុពលភាព២ឆ្នាំ មានន័យថា រៀងរាល់២ឆ្នាំត្រូវស្នើសុំម្ដង។ ប៉ុន្តែចាប់ពីប្រកាសថ្មីនេះតទៅ ម្ចាស់អាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលជាសហគ្រាសធុនតូច និងមធ្យម លែងជាប់កាតព្វកិច្ចនេះទៀតហើយ ឬអាចចូលរួមអនុវត្ត «ស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា» ដោយស្ម័គ្រចិត្តក៏បាន។
ដោយឡែក សម្រាប់ម្ចាស់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ដែលជាសហគ្រាសធុនធំ ត្រូវអនុវត្ត «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា» ជាលក្ខណ្ឌតម្រូវ។ ត្រង់ចំណុចនេះ លោក គឹម សេរីរដ្ឋ បានបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ រាល់ការស្នើសុំ «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា» ម្ចាស់អាជីវកម្មសណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ដែលជាសហគ្រាសធុនធំ ត្រូវបង់ថ្លៃសេវាកម្មចំនួន៣០០,០០០រៀល (បញ្ចុះថ្លៃទាបជាងមុនកូវីដ) ហើយរៀងរាល់២ឆ្នាំត្រូវស្នើសុំម្ដង។
លោកប្រធាននាយកដ្ឋានបានបន្តទៀតថា ការចូលរួមអនុវត្ត និងការទទួលបាន «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា» នេះ គឺចូលរួមអនុវត្តយុទ្ធនាការ កម្ពុជាស្អាតនិងបៃតង (Clean and Green)។ កាលណា សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍នៅកម្ពុជាទទួលបានស្ដង់ដាសណ្ឋាគារបៃតងកាន់តែច្រើន គឺប្រាកដជាចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាជាគោលដៅស្អាត និងបៃតងកាន់តែខ្លាំង។
ម្យ៉ាងទៀត ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា (ស្ដង់ដាថ្នាក់ជាតិ) គឺយកតាមលំនាំស្ដង់ដាសណ្ឋាគារបៃតងរបស់អាស៊ាន។ ការវាយតម្លៃស្ដង់ដាសណ្ឋាគារបៃតងនេះ គឺត្រូវធ្វើចេញពីថ្នាក់ជាតិសិន មុនឈានទៅដល់ការវាយតម្លៃក្នុងកម្រិតអាស៊ាន «សណ្ឋាគារបៃតងអាស៊ាន»។ អាស៊ានក៏មានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ស្អាតនិងបៃតងបន្តទៅក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ ស្របតាមទិសស្លោក «អាស៊ាន គោលដៅទេសចរណ៍តែមួយ»។ ដូច្នេះ ស្ដង់ដាសណ្ឋាគារបៃតងនេះ គឺជួយផ្សព្វផ្សាយនិងទាក់ទាញយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំស្ដង់ដាសណ្ឋាគារបៃតងកម្ពុជានៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ ឬនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យអន្តរការណ៍ជាប្រាក់៕
ខាងក្រោមនេះជាប្រកាសស្ដីពីការកែសម្រួល និងដាក់ឱ្យប្រើប្រាស់ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា ភ្ជាប់ជាមួយឧបសម្ពន្ធដែលបញ្ជាក់ពីស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា៖