ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការបណ្តុះបណ្តាលអ្នកប្រកបការងារ និងអាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ ឆ្នាំ២០២៣»
នាព្រឹកថ្ងៃចន្ទ ០៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការបណ្តុះបណ្តាលអ្នកប្រកបការងារ និង អាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ»ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈ ទេសចរណ៍ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួនប្រមាណ ៧០នាក់។
គោលបំណងសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីព័ត៌មានលើអ្នកប្រកបការងារ និង អាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ ពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យការបណ្តុះបណ្តាលកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ផ្តល់អត្ថប្រយោជន៍ លើកកម្ពស់សមត្ថភាព និង ជីវភាពសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាក្រោយវិបត្តិស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩។
សូមជម្រាបថា សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ សំដៅដល់រាល់បុគ្គល ដែលធ្វើការ ឬប្រកបអាជីវកម្ម ឬសេវាកម្មដែលច្បាប់អនុញ្ញាតក្នុងឧស្សាហកម្មទេសចរណ៍ ប៉ុន្តែមិនបានចុះកិច្ចសន្យាការងារស្របច្បាប់ ឬចុះបញ្ជីអាជីវកម្មផ្លូវការជាមួយអាជ្ញាធរ ស្របតាមបទដ្ឋានគតិយុត្តិជាធរមាន។ ដូចជា អ្នកលក់អាហារតាមផ្លូវ មគ្គុទេសក៍ទេសចរណ៍គ្មានអាជ្ញាបណ្ណ អ្នកខាត់ស្បែកជើង ឬលក់វត្ថុអនុស្សាវរីយ៍ អ្នកធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកលេងឧបករណ៍ភ្លេងតាមផ្លូវ អ្នកលក់ផ្ទាំងគំនូរតាមផ្លូវ អ្នកផ្តល់សេវាផ្ទះស្នាក់មិនបានចុះបញ្ជី អ្នកបម្រើតាមមណ្ឌលកម្សាន្តដែលមិនមានកិច្ចសន្យាការងារ ជាដើម។ សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធបានជួយបំពេញបន្ថែមដល់សេដ្ឋកិច្ចទេសចរណ៍ក្នុងប្រព័ន្ធទៅលើការស្រូបទាញការងារ ផ្តល់ចំណូលដល់ប្រជាជនមូលដ្ឋានកាត់បន្ថយភាពក្រីក្រ និងផ្តល់មេគុណសេដ្ឋកិច្ចខ្ពស់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចមូលដ្ឋាន ប៉ុន្តែប្រឈមនឹងហានិភ័យជាច្រើនដូចជា មិនត្រូវបានទទួលស្គាល់ និងពិបាកការពារដោយច្បាប់ លក្ខខណ្ឌការងារមិនល្អ ការរើសអើង ប្រាក់ចំណូលទាប ចំណេះជំនាញមានកម្រិត ពិបាកទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ពីស្ថាប័នផ្លូវការ ពិបាកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាដើម។
ការដាក់ចេញនូវផែនការបណ្តុះបណ្តាលដល់អ្នកប្រកបការងារ និងអាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ នេះ នឹងផ្តល់ចំណេះ និងជំនាញសំខាន់ៗដូចជា ជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច សហគ្រិនភាព ជំនាញទន់ និងជំនាញឌីជីថល សំដៅបង្កើនសមត្ថភាព ផលិតភាព និងអាជីវកម្មរបស់ពួគាត់ឱ្យកាន់តែប្រសើរ ចូលរួម អភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល។