កម្មវិធីថ្នាលឌីជីថល«កម្មសិក្សាក្នុងវិស័យទេសចរណ៍»

កម្មវិធីថ្នាលឌីជីថល«កម្មសិក្សាក្នុងវិស័យទេសចរណ៍»


នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រុមយុវជន ស.ស.យ.ក វិស័យទេសចរណ៍ និងក្រុមការងារអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍សហការ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីថ្នាលឌីជីថល«កម្មសិក្សាក្នុងវិស័យទេសចរណ៍» ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍សរុបចំនួន១៤៧នាក់។

កម្មវិធីថ្នាលឌីជីថល«កម្មសិក្សាក្នុងវិស័យទេសចរណ៍» មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិត និងយុវជនខ្មែរដែលសិក្សាផ្នែកទ្រឹស្តីនៅតាមសាកលវិទ្យាល័យអាចចុះអនុវត្តជាក់ស្តែង នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីទទួលបាននូវបទពិសោធន៍ ចំណេះដឹងបន្ថែមក្នុងប្រតិបត្តិការអនុវត្តជាក់ស្តែងដែលជាតម្លៃបន្ថែមសម្រាប់ស្វែងរកការងារបន្ទាប់ពីការបញ្ចប់ការសិក្សា។

ថ្នាលឌីជីថលនេះមាន គេហទំព័រ៖ https://www.cambodiainternship.org/ ដែលអនុញ្ញាតឲ្យភាគីសងខាងបង្កើតគណនីរបស់ខ្លួនដោយឥតគិតថ្លៃ និងផុសផ្សាយពីសំណើរបស់ខ្លួន ពាក់ព័ន្ធនឹងឱកាសកម្មសិក្សា។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ស.ស.យ.ក វិស័យទេសចរណ៍ នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីថ្នាលឌីជីថលនេះនៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនដទៃទៀតនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន៕