គ.ជ.វ.ទ បានរៀបចំវេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ទីក្រុងស្អាត បដិសណ្ឋាកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»
លើកឡើងនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតជាសេនាធិការ បានរៀបចំវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ជារៀងរាល់៣ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១២មក ដោយប្រើប្រាស់ស្តង់ដាទីក្រុងស្អាត។ គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺធ្វើយ៉ាងណាឱ្យ ក្រុង/ខណ្ឌ រាជធានី-ខេត្ត ទាំងអស់មានការគ្រប់គ្រង និងអភិវឌ្ឍទីក្រុង/ខណ្ឌ របស់ខ្លួនឱ្យក្លាយជាទីក្រុងស្អាត, ជាទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, មានភាពទាក់ទាញផ្នែកទេសចរណ៍, មានកិច្ចគាំពារបរិស្ថាន ប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ពិតជាបានចូលរួមដល់ការរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការអភិរក្សសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាននៅតាមបណ្តាទីក្រុង និងទីប្រជុំជនសំដៅធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់បេក្ខភាព ក្រុង/ខណ្ឌ នីមួយៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ស្របតាមស្មារតីនៃស្តង់ដាទីក្រុងស្អាត ដែលគណៈកម្មាធិការជាតិបានធ្វើបច្ចុប្បន្នភាពថ្មី រួមមាន៖ សូចនាករគោលចំនួន ៧, សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។
ជាមួយគ្នានោះទន្ទឹមនឹងការអបអរសាទរដល់ជ័យលាភីទីក្រុងស្អាតលើកទី៣ លោក ថោង ខុន ក៏បានលើកទឹកចិត្តដល់បេក្ខភាពទាំងអស់ បន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជាប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជាការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែកទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម ក្នុងនោះស្នើឱ្យបេក្ខភាពទាំងអស់សូមប្រើប្រាស់ «កម្រងអនុសាសន៍របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត» ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាននាពេលខាងមុខ។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ចំពោះបេក្ខភាពដែលមិនទាន់ទទួលបានជ័យលាភី ត្រូវខិតខំពង្រឹងលក្ខណសម្បត្តិរបស់ខ្លួន ដើម្បីទទួលបានជ័យលាភីនាពេលខាងមុខ, ចំពោះបេក្ខភាពដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ផ្ការំដួល ៣ទង ក៏ត្រូវបន្តខិតខំអនុវត្តការងារបន្ថែមទៀត ដើម្បីទទួលចំណាត់ថ្នាក់កាន់តែល្អប្រសើរ ហើយជ័យលាភីផ្ការំដួល៣ទង ក៏ត្រូវបន្តការខិតខំដើម្បីរក្សាបាននូវចំណាត់ថ្នាក់ដ៏ល្អនេះ។
ពាក់ព័ន្ធនឹងពិធីប្រគល់ជយលាភីទីក្រុងស្អាតលើកទី៣ បើតាមលោកលោក ណេប សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ មានបេក្ខភាពក្រុង/ខណ្ឌ ចូលរួមប្រឡងប្រណាំងសរុបចំនួន៤១ (១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភីរួមមាន៖ ជ័យលាភីផ្ការំដួល ៣ទង មានចំនួន៧ (៦ ក្រុង និង ១ខណ្ឌ) ជាអាទិ៍៖ ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ខណ្ឌដូនពេញ, ក្រុងកែប, ក្រុងកំពត, និងក្រុងកំពង់ចាម។
សម្រាប់ជ័យលាភីផ្ការំដួល២ទង មានចំនួន១៧ (១៤ក្រុង និង ៣ខណ្ឌ) រួមមាន៖ ក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ, ក្រុងស្ទឹងសែន, ក្រុងសួង, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ, សម្រាប់ជ័យលាភីផ្ការំដួល១ទង មានចំនួន១៤ (៦ ក្រុង និង ៨ខណ្ឌ) ជាអាទិ៍មាន៖ ក្រុងស្ទឹងត្រែង, ក្រុងព្រះវិហារ, ខណ្ឌសែនសុខ, ក្រុងសំរោង, ក្រុងបាវិត, ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័យ, ខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង, រីឯក្រុង ខណ្ឌ មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួលមានចំនួន ៣បេក្ខភាព (១ ក្រុង និង ២ ខណ្ឌ) រួមមាន៖ ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង និងខណ្ឌកំបូល៕