អបអរសាទរ! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍ ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានបង្ហាញឆន្ទៈចង់ឃើញអាស៊ានចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សម្តេចនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឱ្យក្លាយជាការពិត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត»។
សម្តេចតេជោបន្តថា «ទ្វីបអាស៊ីទើបទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាព-សុខដុមរមនា រវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូង។
សម្តេចតេជោបន្តថា ពានរង្វាន់មាសសុទ្ធទម្ងន់ ៦.១គីឡូក្រាម ពិតជាមានអត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ដ៏មានតម្លៃនិងសារៈសំខាន់នេះ។ សម្តេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។
សម្តេចបានបន្ថែមទៀតថា ទន្ទឹមនេះព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេល ដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចបានអំពាវនាវសូមឲ្យអ្នកស្នេហា វិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ខាងមុខ៕
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ឆ្នាំ ២០២៣ ( CAMSOC) បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនោះថា ព្រឹត្តិការណ៍នេះក៏ជាការឆ្លុះបញ្ចាំងអំពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ចំពេលដែលកម្ពុជាកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ។ដូច្នេះអ្វីដែលកម្ពុជាខិតខំធ្វើនាពេល នេះ គឺដើម្បីបំពេញបន្ថែមនូវអត្ថន័យនៃដំ ណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ឲ្យទទួលបានជោគជ័យ។
ឯកឧត្តមបញ្ជាក់ឱដឹងទៀតថា ពាន រង្វាន់នេះ គឺធ្វើឡើងពីមាសសុទ្ធដែលជាពានរង្វាន់ដើមមានទម្ងន់ ៦,១គីឡូក្រាម ដោយការដង្ហែពាននៅគ្រប់ប្រទេស រួមទាំងកម្ពុជានាពេលនេះ គឺដើម្បីចូលរួមអបអរ សាទរដល់ការប្រកួតបាល់ទាត់ពិភពលោក ជុំផ្តាច់ព្រ័ត្រឆ្នាំ២០២២ នៅទីក្រុងឌូហា ប្រទេសកាតា។ ការដង្ហែពាន FIFA World Cup នេះប្រៀបដូចជាការដង្ហែភ្លើងគប់អូឡាំពិកដែរ ។ពិធីដង្ហែនេះ នឹងជះឥទ្ធិពលល្អ និងផ្តល់ការចាប់អារម្មណ៍នៅជុំវិញពិភពលោក ។ អ្វីដែលសំខាន់ គឺនឹងផ្តល់មហាកិត្តិយសសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសនីមួយៗ ដែលទទួលយកនូវការដង្ហែពានរង្វាន់នេះ ។ ពាននេះ ឆ្លងកាត់ប្រទេសណានឹងជួយលើកកិត្តិយសនៃប្រទេសនោះ ហើយក៏បានផ្តល់ការគាំទ្រចំពោះវិស័យកីឡាបាល់ទាត់ផងដែរ ។
សូមជម្រាបជូនថា ពានរង្វាន់បាល់ទាត់ពិភព លោកនេះ ត្រូវបានដឹកតាមជើង ហោះហើរពិសេសឯកជនរបស់ក្រុមហ៊ុនកូកា កូឡា ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាព្រឹកថ្ងៃទី ១៥ខែមិថុនាឆ្នាំ២០២២នេះ រួចដង្ហែមកវិមានសន្តិភាព ហើយនៅពេលរសៀលនឹងដាក់តាំងពិព័រណ៍នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឱ្យមហាជនចូលរួមទស្សនា និងថតរូបអនុស្សាវរីយ៍រហូតដល់ម៉ោង ១០ យប់ ដោយមានតន្ត្រីសម័យលេងកំដរផងដែរ៕