សហគមន៍ទេសចរណ៍កោះព្រហ្មចារីយ៍

សហគមន៍ទេសចរណ៍កោះព្រហ្មចារីយ៍


កោះព្រហ្មចារីយ៍នេះស្ថិតនៅចំកណ្ដាលទន្លេមេគង្គដែលមានផ្ទៃដីធំគួរសម នៅលើកោះមានសោភ័ណភាពស្រស់ស្អាតដោយសារតែមានដើមឈើធំៗដុះពេញនៅលើកោះនេះ។ អ្វីដែលជាភាពទាក់ទាញបំផុតនោះគឺ កោះព្រហ្មចារីយ៍នេះជាកោះដែលដុះលើផ្ទៃទឹកទន្លេមានខ្សាច់សក្បុសនិង សម្បូរទៅដោយតំបន់ ព្រៃលិចទឹក ដែលជាជំរកត្រីពងកូនផងដែរ។ ដើមឈរដុះឬសដែលជាជំរកសត្វស្លាបគ្រប់ប្រភេទបានដុះជាជួរៗ នៅតាមជ្រលងទឹកហូរលើខ្សាច់រឹមៗ គួរឱ្យចង់គយគន់ហើយអ្នកទេចរក៏អាចងូតទឹកលេងកម្សាន្តបាន។ ក្រៅពីនោះក៏នៅមានបណ្តុំកោះតូចៗនៅក្បែរៗនោះបានដុះអមសងខាង កណ្តាលខ្សែទឹកហូរ ពីដងទន្លេមេគង្គ ដែលជាទិដ្ឋភាពមួយគួរឲ្យទាក់ទាញ។នៅក្នុងសហគមន៍មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ដងទន្លេមេគង្គដែលមានភាពទាក់ទាញយ៉ាងសំខាន់ កោះព្រហ្មចារីយ៍ដែលជាសម្បុកនៃទេសភាពដ៏ស្រស់ត្រកាលចម្រុះសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសគឺការទៅទស្សនាសត្វក្ដាន់ដែលជាសត្វកម្រហើយនៅមានវត្តមានក្នុងតំបន់នេះ និងសក្ដានុពលផលិតផលទេសចរណ៍ជាច្រើនទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរអាចជិះទូក-កាណូតទស្សនាតាមដងទន្លេ ដើម្បីមើលសត្វផ្សោត និងទៅលេងលើកោះព្រហ្មចារីយ៍ ស្ទួចត្រី ពិចនិកនៅលើកោះ និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។     

សកម្មភាពកម្សាន្ត៖
ជិះទូកលេងកម្សាន្ត ទស្សនាដើមឈើដែលដុះនៅលើកោះ សម្រាកលំហែរកាយនៅលើឆ្នេរខ្សាច់ លេងទឹកកម្សាន្ត បោះតង់ ញ៉ាំអាហារ និងថតរូបទុកជាអនុស្សាវរីយ៍។

អាស័យដ្ឋាន៖
ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ