រយៈពេល ០២ថ្ងៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន

រយៈពេល ០២ថ្ងៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន


នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាងស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។ 

 

មហាសន្និបាតវិសាមញ្ញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន,  (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.,  (៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង ៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។ 

 

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។

សូមជម្រាបជូនថា រយៈពេល ០២ ថ្ងៃនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក.  ឯកឧត្តម ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូប និងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ។