និស្សិតផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងជាស្រ្តីខ្មែរ-អ៊ិស្លាម កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា យកថង់ប្លាស្ទិកទៅច្នៃ​ជារបស់ប្រើប្រាស់​ប្រចាំថ្ងៃឡើងវិញ

និស្សិតផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងជាស្រ្តីខ្មែរ-អ៊ិស្លាម កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា យកថង់ប្លាស្ទិកទៅច្នៃ​ជារបស់ប្រើប្រាស់​ប្រចាំថ្ងៃឡើងវិញ


ស្ត្រីខ្មែរ-អ៊ិស្លាម កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា បានកែច្នៃថង់ប្លាស្ទិកដែលប្រើប្រាស់រួច ឱ្យទៅជាសម្ភារៈ ប្រើប្រាស់ឡើងវិញ។ ការកែច្នៃនេះ មិនត្រឹមចូលរួមសម្អាតបរិស្ថានប៉ុណ្ណោះទេ​ គឺថែមទាំងផ្តល់ការងារដល់ស្រ្តីមួយចំនួនដែលរស់នៅក្នុងមូលដ្ឋានទៀតផង​។ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលកញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា បានកែច្នៃពីថង់បា្លស្ទិកនោះ រួមមាន កន្រ្តក កាបូបយួរ ទ្រនាប់កែវ និង កាបូបដាក់សម្ភារៈផ្សេងៗ។

កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ជាស្ថាបនិក Ladies Circles ដែលបានកែច្នៃថង់ប្លាស្ទិកដែលប្រើប្រាស់រួច ទៅជារបស់របរប្រើប្រាស់ប្រចាំថ្ងៃឡើងវិញ។ Ladies Circles​ ត្រូវបានស្ត្រីមូស្លឹមរូបនេះបង្កើតឡើងនាអំឡុងកញ្ញា ឆ្នាំ២០២១ ក្រោមគម្រោង Generation Future របស់អង្គការ UNICEF Cambodia។ 
 
សំណល់ថង់ប្លាស្ទិកមានជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែង គឺជាហេតុផលចម្បងដែលធ្វើឱ្យកញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា ​សម្រេចបង្កើត Ladies Circles នេះឡើង។  កញ្ញា និយាយថា៖«បញ្ហាបរិស្ថាននៅកម្ពុជាយើង ចំនួននៃការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃនេះច្រើនខ្លាំងមែនទែន ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាឧទាហរណ៍ក្នុងចំណោមមនុស្សម្នាក់ យ៉ាងតិចចន្លោះពី១ទៅ៥ថង់ប្លាស្ទិកក្នុងមួយថ្ងៃ​ដែរ។ អ៊ីចឹង! បានខ្ញុំចាប់ផ្ដើមពីចំណុចតូចមួយ ដែលយើងកែច្នៃយកថង់ប្លាស្ទិកទាំងនោះ ដោយយើងមិនលុបបំបាត់ក្នុងការប្រើប្រាស់វាតែម្តងទេ តែយើងអាចប្រើហើយ យើងអត់យកទៅបោះចោលទេ គឺប្លាស្ទិកដែលសល់ហ្នឹង យើងយកទៅច្នៃជាផលិតផលថ្មីផ្សេងទៀត»។

កន្រ្តក កាបូបយួរ ទ្រនាប់កែវ និង កាបូបដាក់សម្ភារៈផ្សេងៗ គឺជាផលិតផលដែល Ladies Circles បានច្នៃចេញពីប្លាស្ទិកដែលបានប្រើប្រាស់រួច។ ការកែច្នៃប្លាស្ទិកឱ្យទៅជារបស់របរប្រើប្រាស់ប្រចាំថ្ងៃនេះ វាមិនត្រឹមតែចូលរួមក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកដែលប្រើរួចប៉ុណ្ណោះទេ តែក៏បានជួយដល់ស្ត្រីតាមសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីកិច្ចការងារនេះផងដែរ។ កញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា លើកឡើងថា៖«ខ្ញុំស្រឡាញ់លើបញ្ហា (ការកែច្នៃ) ហ្នឹង ខ្ញុំក៏ជួយលើបរិស្ថានហើយ ខ្ញុំ Impower ក៏ដូចជាលើកកម្ពស់ស្ត្រីខ្មែរយើង»។  បើតាមយុវតីវ័យ២១ឆ្នាំរូបនេះ  ការកែច្នៃសំណល់ប្លាស្ទិក គឺបានផ្តល់ការងារដល់ស្ត្រីមួយចំនួនក្នុងសហគមន៍ ដែលគ្មានការងារធ្វើ និងស្ត្រីដែលបានបាត់បង់ការងារ ដោយសារតែជំងឺកូវីដ-១៩។ 
 
«[ខ្ញុំ] ផ្ដោតទៅលើការជួយ និងផ្ដល់ឱកាសឱ្យស្ត្រីក្នុងសហគមន៍ហ្នឹង គឺពួកគាត់ពីមុនអត់មានការងារធ្វើទេ។ គាត់ធ្លាប់ជាអ្នករើសអេតចាយ អ្នកបោសសម្អាត នៅតាមសណ្ឋាគារផ្សេងៗ តែដោយសារបញ្ហាកូវីដ-១៩ ពួកគាត់ក៏បាត់បង់ឱកាសការងារទាំងអស់នោះ»។  នេះជាការបញ្ជាក់របស់កញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា ដោយបានរៀបរាប់បន្ថែមថា ចំណូលសរុបដែលបានពីការលក់របស់របរដែលកែច្នៃពីសំណល់បា្លស្ទិកនោះ គឺមាន៦០ភាគរយ ត្រូវបែងចែកទៅអ្នកធ្វើ, មាន២០ភាគរយសម្រាប់ការផ្សព្វផ្សាយនិងទីផ្សារ, ១០ភាគរយ សម្រាប់ទិញសម្ភារៈ ឬរបស់ប្រើប្រាស់នានាដល់ស្ត្រីដែលជាអ្នកកែច្នៃ រៀងរាល់៣ខែម្ដង។  រីឯប្រាក់ចំណូល១០ភាគរយទៀត គឺសម្រាប់បរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនខ្វះខាត ជាដើម។

ដ្បិតមិនទទួលបានកម្រៃសម្រាប់ខ្លួនឯង ប៉ុន្តែកញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា នៅតែបន្តធ្វើកិច្ចការទាំងនេះដោយសេចក្តីពេញចិត្ត។ កញ្ញា ប្រាប់ដូច្នេះថា៖«ជាក់ស្ដែងគឺអត់បានអ្វីពីគម្រោងនេះឡើយ សូម្បីមួយសេន។ [ចំណូល] បានទៅលើស្ត្រីសហគមន៍ និងមួយផ្នែកតូចទៀត គឺសម្រាប់ដំណើរការងារឬផ្គត់ផ្គង់លើគម្រោង។  ពីរចំណែកតូចទៀត សម្រាប់បរិច្ចាគផ្សេងៗ។ ហេតុអ្វីបានខ្ញុំនៅតែជ្រើសរើសធ្វើគម្រោងហ្នឹង? ខ្ញុំបានប្រាប់ខ្លួនឯងវិញថា ហ្នឹងជាអ្វីដែលខ្ញុំចង់ជួយ ទោះបីខ្ញុំមិនមែនជាមនុស្សមានលុយទៅជួយបរិច្ចាគលុយផ្សេងៗ ទៅឱ្យពួគគាត់មែន ប៉ុន្តែខ្ញុំអាចបរិច្ចាគជាគំនិត ខ្ញុំអាចធ្វើជាសំឡេង ខ្ញុំអាចឈរដើម្បីពួកគាត់បាន»។ 
 
បើតាមស្ត្រីខ្មែរ-អ៊ិស្លាមរូបនេះ បច្ចុប្បន្នផលិតផលដែល Ladies Circle ច្នៃពីសំណល់ប្លាស្ទិក ហាក់ទទួលបានការគាំទ្រច្រើនពីអតិថិជន។ ជាពិសេសពីសំណាក់ភ្ញៀវអន្តរជាតិ ម្ចាស់សណ្ឋាគារ និងភោជនីដ្ឋានជាដើម៕