ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.)លើកទី១
ខេត្តសៀមរាប៖ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.)
នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានបើកកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណេប សាមុត ប្រធានលេខាធិការដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈប្រតិបត្តិនៃ គ.អ.ទ.ស. ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិការ លេខាធិការដ្ឋាន នៃគ.អ.ទ.ស។ កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅសកម្មភាពការងារអនុវត្តបន្ត ព្រមជាមួយការប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាននៃ គ.អ.ទ.ស។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ណេប សាមុត ប្រធានលេខាធិការដ្ឋាននៃគ.អ.ទ.ស. ក៏បានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តសកម្មភាពការងារជាអាទិភាព ដែលបានចង្អុលបង្ហាញនៅក្នុងផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ជាពិសេស ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍សៀមរាប-អង្គរ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២។