រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ដើមខែតុលាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់, ផ្លូវល្បឿនលឿនទាក់ទាញភ្ញៀវទៅព្រះសីហនុច្រើនដាច់គេ

រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ដើមខែតុលាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់, ផ្លូវល្បឿនលឿនទាក់ទាញភ្ញៀវទៅព្រះសីហនុច្រើនដាច់គេ


(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ នាថ្ងៃទី១២ ខែតុលានេះ។

តួលេខខាងលើមានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។ គួរជម្រាបថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ពិសេសការរៀបចំឆ្នេរខ្សាច់កម្សាន្ត និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រៅពីនេះមានគោលដៅខេត្តបាត់ដំបង៨៨,៨៦៨នាក់ ខេត្តកំពង់ចាម៤៧,៤៥៨នាក់ ខេត្តសៀមរាប២៣,៦៦៥នាក់ រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពត១៤,៤១៦នាក់។ រាជធានី-ខេត្តទាំង៦នេះសុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ។

លោកបានបន្តថា អនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល បណ្តាខេត្តមួយចំនួនដែលនៅជាប់បណ្តោយដងទន្លេបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្ត ហើយខេត្តខ្លះទៀតបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍នេះទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្តែង កាលពីថ្ងៃទី៩-១០ ខែតុលានេះ ខេត្តបាត់ដំបងបានប្រារព្ធពិធីបុណ្យអុំទូកចេញព្រះវស្សានៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង អមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយមួយចំនួនទៀត ដែលបាទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តជិតខាងឱ្យទៅកម្សាន្តជាច្រើនផងដែរ។

ទន្ទឹមនឹងនេះ បណ្តារដ្ឋបាលរាជធានី-ខេត្ត និងគណៈបញ្ជាកាឯកភាពបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋានខ្លួន ការចុះចែកស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ រួមជាមួយការដាក់ចេញវិធានការសង្គ្រោះក្នុងករណីបន្ទាន់ផងដែរ៕