ទេសភាពស្ពានឆ្លងប្រាសាទនាគព័ន្ធ

ទេសភាពស្ពានឆ្លងប្រាសាទនាគព័ន្ធ


      ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤ ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

📸📸 Phallin Rath