ក្រសួងទេសចរណ៍​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​សរសេរ​តម្លៃ​ផលិតផល ​និង​សេវាកម្ម​ជៀសវាង​ការ​តំឡើង​តម្លៃ​ខ្ពស់​នា​​បុណ្យ​ភ្ជុំបិណ្ឌ

ក្រសួងទេសចរណ៍​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​សរសេរ​តម្លៃ​ផលិតផល ​និង​សេវាកម្ម​ជៀសវាង​ការ​តំឡើង​តម្លៃ​ខ្ពស់​នា​​បុណ្យ​ភ្ជុំបិណ្ឌ


ក្រសួងទេសចរណ៍ ហាមអាជីករ ដំឡើងថ្លៃ កន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤ ២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខ។ បម្រាមនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ នៅតាមរមណីយដ្ឋាននានា។

ក្នុងន័យលុបបំបាត់ចោលនូវបាតុភាពមិនប្រក្រតីនៃការតម្លៃថ្លៃតម្លៃម្ហូបអាហារ តម្លៃស្នាក់នៅហួសហេតុនាឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ នាថ្ងៃទី ២៤-២៦ ខែកញ្ញា នាពេលខាងមុខ។ ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមទេសចរណ៍ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរ ដើម្បីចូលរួមរៀបចំនៃការគ្រប់គ្រង់ចរន្តភ្ញៀវទេសចរ និងពង្រឹងផលិតផលជាតិ។ ក្នុងនោះក្រសួងទេសចរណ៍ បានដាក់ចេញវិធានការដល់អាជីវករ នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ទូទាំងប្រទេស កុំតំឡើងថ្លៃខ្ពស់ហួសហេតុ។ 

រាល់ តម្លៃស្នាក់នៅ ម្ហូបអាហារ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗ ត្រូវសរសេរតម្លៃឱ្យបានច្បាស់លាស់ដាក់ក្នុងតារាង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។ ក្នុងករណីអាជីវករណា ដែលមិនអនុវត្តតាមវិធានការខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 

ទន្ទឹមនឹងនោះ អាជីវករ និងប្រតិបត្តិទេសចរ ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ ព្រមទាំងបន្តជំរុញលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការអនុវត្តវិធានការសុវិត្ថភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលដាក់ចេញដោយរដ្ឋាភិបាល។

សូមបញ្ជាក់ដែរថា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំឱ្យក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញខ្លឹមសារសារាចរខាងលើនេះ ឱ្យបានទូលំទូលាយទៅដល់អាជីវករ និងប្រតិបត្តិករទេសចរទាំងអស់។ រីឯសមាគមទេសចរ ដែលពាក់ព័ន្ធត្រូវអនុវត្តខ្លឹមសារខាងលើឱ្យបានខ្ជាប់ខ្ជួន៕