អាជ្ញាធរព្រះសីហនុ ព្រមានម្ចាស់រថយន្ត និងម៉ូតូកង់បី ដែលចតគ្មានសណ្ដាប់ធ្នាប់នៅមុខផ្សារលើ

អាជ្ញាធរព្រះសីហនុ ព្រមានម្ចាស់រថយន្ត និងម៉ូតូកង់បី ដែលចតគ្មានសណ្ដាប់ធ្នាប់នៅមុខផ្សារលើ


ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការលើម្ចាស់រថយន្ត និងម៉ូតូកង់បី ដែលចតគ្មានសណ្ដាប់ធ្នាប់នៅបរិវេណមុខផ្សារលើក្រុងព្រះសីហនុ។ អាជ្ញាធរនឹងឃាត់រថយន្តទាំងនោះទុក បើមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត។


 

កន្លងមករដ្ឋបាលក្រុងបានចុះណែនាំពីការរៀបចំសណ្ដាប់ធ្នាប់ នៅបរិវេណមុខផ្សារលើក្រុងព្រះសីហនុរួចហើយ ប៉ុន្តែតាមការសង្កេតនៅតែមានរថយន្ត តាក់ស៊ី និងម៉ូតូកង់បីគ្រប់ប្រភេទ ទៅចតនៅទីនោះដោយអនាធិបតេយ្យធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ របៀបរៀបរយ បង្កឱ្យកកស្ទះចរាចរ និងធ្វើឱ្យបាត់បង់សោភ័ណ្ឌភាពទីក្រុង។
 

សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃទី ០៧ ខែកញ្ញា បានបញ្ជាក់ថា៖« ដើម្បីពង្រឹងសណ្ដាប់សាធារណៈ របៀបរៀបរយ និងសោភ័ណ្ឌភាពនៅបរិវេណមុខផ្សារលើក្រុងព្រះសីហនុ អាជ្ញាធរខេត្តជូនដំណឹងសារជាថ្មីម្ដងទៀត គឺមិនឱ្យយាន្តជំនិះដែលបានរៀបរាប់ខាងលើចូលចតនៅទីនោះទៀតឡើយ។ ដោយតម្រូវឱ្យរថយន្តតាក់ស៊ី និងម៉ូតូកង់បីទាំងនោះ ទៅចូលចតនៅចំណតរថយន្តដែលមានស្រាប់នៅខាងមុខផ្សារលើជាដាច់ខាត»។

បើតាមសេចក្តីប្រកាសដដែល កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាល ដោយនាំយករថយន្ត និងម៉ូតូកង់បី ល្មើសទាំងនោះ ទៅរក្សាទុកនៅសាលាក្រុង រយៈពេល ៧ថ្ងៃ ទើបប្រគល់ឱ្យម្ចាស់យាន្តជំនិះវិញ៕​​