អ្នកស្រី ឱ ដាវី បើកហាងកាហ្វេដោយមិនប្រើប្លាស្ទិកដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន

អ្នកស្រី ឱ ដាវី បើកហាងកាហ្វេដោយមិនប្រើប្លាស្ទិកដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន


(ភ្នំពេញ)៖ បច្ចុប្បន្ននេះ កំណើននៃអាជីវកម្មហាងកាហ្វេបានរីកលូតលាស់គ្រប់ទីកន្លែងមិនថានៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានាឡើយ ជាហេតុធ្វើអោយការប្រកបអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងយ៉ាងខ្លាំង ដែលតម្រូវឱ្យម្ចាស់អាជីវកម្មកាហ្វេគ្រប់ប្រភេទត្រូវមានគំនិតច្នៃប្រឌិត និងការរៀបចំយ៉ាងល្អទើបអាចជ្រៀតចូលប្រកួតប្រជែងក្នុងទីផ្សារបាន។ ស្ថិតក្នុងបរិការណ៍នេះ បានធ្វើអោយម្ចាស់អាជីវកម្មហាងកាហ្វេគ្រប់ប្រភេទស្វែងរកនូវការរៀបចំ និងការផលិតកាហ្វេមានលក្ខណៈផ្សេងៗគ្នាដើម្បីយកមកប្រកួតប្រជែងក្នុងទីផ្សារ។ មានម្ចាស់អាជីវកម្មកាហ្វេខ្លះផ្តោតលើតម្លៃ ការផ្តល់សេវាកម្មធ្វើយ៉ាងណាអោយមានសេវាកម្មដែលល្អបំផុត និងអ្នកខ្លះផ្តោតលើការច្នៃរស់ជាតិនៃកាហ្វេជាដើម។ ប៉ុន្តែ ដោយសារតែការគិតគូរទៅលើតែសេវាកម្ម និងរស់ជាតិកាហ្វេ បានធ្វើអោយម្ចាស់អាជីវកម្មកាហ្វេខ្លះមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់ការចូលរួមថែរក្សាបរិស្ថាន (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក) និងការលើកស្ទួយផលិតផលក្នុងស្រុកនោះទេ។ 


ទោះជាយ៉ាងណាក៏ដោយ ថ្វីបើមានហាងកាហ្វេខ្លះមិនទាន់គិតគូរដល់ការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិក និងការប្រើប្រាស់ផលិតផលក្នុងស្រុកពិតមែន តែក៏មានហាងហ្វេខ្លះបានចូលរួមយ៉ាងល្អក្នុងការការពារបរិស្ថាន និងការគិតគូរដល់លើកស្ទួយការប្រើប្រាស់ទំនិញក្នុងស្រុកផងដែរ។ 

 

ដូចនេះ ថ្ងៃនេះ កម្មវិធីជជែកអំពីវិស័យទេសចរណ៍ សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ជាហាងកាហ្វេដែលបានចូលរួមក្នុងយុទ្ធនាការ ៖ កម្ពុជាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” យ៉ាងសកម្ម និងលើស្ទួយការទិញផលិតផលក្នុងស្រុក គឺហាង Concept cafe & Bar។

 

ហាង Concept cafe & Bar ត្រូវបានបង្កើតឡើងដោយអ្នកស្រី ឱ ដាវី ជាសហស្ថានិក និងជាអ្នកគ្រប់គ្រងទូទៅ។ ហាងនេះមិនត្រឹមតែតុបតែងហាងមានការប្រើប្រាស់បែបបទខ្មែរឱ្យមានភាពទាក់ទាញភ្ញៀវប៉ុណ្ណោះទេ ថែមទាំងមិនប្រើប្លាស្ទិកទាល់តែសោះ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងអ្វីដែលកាន់តែពិសេសនោះគឺហាងនេះមានការប្រើប្រាស់នូវបន្លែ និងផ្លែឈើបែបធម្មជាតិគ្មានជាតិគីមី ដែលដាំដុះដោយកសិករខ្មែរ។

អ្នកស្រី ឱ ដាវី មានប្រសាសន៍ថា “ហាង Concept cafe & Bar គឺមិនត្រឹមតែផ្តល់នូវសេវាកម្មល្អ ម្អូបអាហារ និងភេសជ្ជៈមានរស់ជាតិឆ្ងាញ់ ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តោតទៅលើសុខភាពរបស់អតិថិជនផងដែរ ដោយហាងរបស់យើងបានប្រើប្រាស់បន្លែ និងផ្លែឈើដែលដាំដុះក្នុងស្រុកដោយកសិករខ្មែរ ក្នុងនោះបន្លែ និងផ្លែឈើទាំងអស់គឺសុទ្ធតែជារបស់ធម្មជាតិ គ្មានជាតិគីមីនោះទេ ហើយការចម្អិនទៀតសោតគឺផ្តោតលើរស់ជាតិបែបធម្មជាតិគឺមិនសូវផ្អែមពេក ក៏មិនសូវប្រៃពេកដែរគឺរស់ជាតិបែប Healthy Food"។

អ្នកស្រីបានបន្ថែមទៀតថា “ទន្ទឹមនឹងនោះ ហាងយើងខ្ញុំក៏ចូលរួមទិញផលិតផលដែលខ្មែរយើងផលិតដោយផ្ទាល់ផងដែរដើម្បីជំនួសអោយការប្រើប្រាស់ប្លាស្ទិក ក្នុងនោះមានដូចជា កែវក្រដាស ទុយោអង្ក ទុយោឫស្សី ប្រអប់បាយក្រដាស ថង់ក្រដាស ថង់កំណាត់ ជាដើមដោយរបស់ទាំងនោះសុទ្ធតែជាផលិតផលក្នុងស្រុកយើង”។

ជាងចុងក្រោយអ្នកស្រីបានបន្ថែមថា "ដូចនេះ សរុបមកវិញគោលការណ៍របស់ហាងConcept cafe & Bar មាន៣ចំណុចសំខាន់ៗគឺផ្តោតលើ Healthy Food ការគាំទ្រដល់ផលិតផលខ្មែរ និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីថែរក្សាបរិស្ថាន"។