គម្រោងហិរញ្ញប្បទាន១៥០លានដុល្លារ ស្តារវិស័យទេសចណ៍របស់រាជរដ្ឋាភិបាល នឹងទម្លាក់កម្ចីដល់ម្ចាស់អាជីវកម្មចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ

គម្រោងហិរញ្ញប្បទាន១៥០លានដុល្លារ ស្តារវិស័យទេសចណ៍របស់រាជរដ្ឋាភិបាល នឹងទម្លាក់កម្ចីដល់ម្ចាស់អាជីវកម្មចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ


(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានប្រាប់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ គម្រោងហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ១៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ ត្រូវបានត្រៀមចំរួចរាល់ហើយ សម្រាប់ផ្តល់កម្ចីការប្រាក់ទាបដល់ម្ចាស់អាជីវកម្ម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។

លោកបណ្ឌិត លឹម អូន បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងសហហិរញ្ញប្បទាន សម្រាប់ជួយស្តារវិស័យទេសចរណ៍មានទឹកប្រាក់ចំនួន ១៥០លានដុល្លារ ត្រូវបានធនគារ SME រៀបចំរួចរាល់ ដោយបានចុះអនុស្សរណៈជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន១៩គ្រឹះស្ថាន និងទទួលបានការចុះហត្ថលេខាទទួលស្គាល់ពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ផងដែរ។ ដូច្នេះការទទួលពាក្យស្នើសុំឥណទាន និងការផ្ដល់ឥណទាននឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ»។

លោកបណ្ឌិតបន្ដថា ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយធនាគារ SME មានចំនួន១៩គ្រឹះស្ថានរួមមាន៖ ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ CHIP MONG, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា, ធនាគារកាណាឌីយ៉ា, ធនាគារ FTB, ធនាគារហត្ថា, ធនាគារ PhilipBank, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារ Wing និងធនាគារ Sacombank។

បើតាមបណ្ឌិត លឹម អូន ទឹកប្រាក់សរុបដែលទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំង១៩ មានចំនួនសរុប ៩៨,៧៥០ ០០០ ដុល្លាអាមេរិក ពោលគឺលើសពីតម្រូវការជាក់ស្តែង ដែលចង់បានត្រឹមតែ ៧៥,០០០,០០០០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់ដែលត្រូវប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវការប្រើប្រាស់ចំនួន ១៥០លានដុល្លារប៉ុណ្ណោះ ទោះបីជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមលើសក្ដី។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕