ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និងការទទួលស្គាល់ស្តង់ដាអប្បបរមាសម្រាប់អាជីកម្មកាណូតទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍កំពុងបន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។ ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះ ផ្តោតលើ ១). សូចនាករពីបរិស្ថាន ២). សូចនាករពីការតុបតែងខាងក្នុង ៣). សូចនាករពីសុវត្ថិភាព ៤). សូចនាករពីសំភារៈប្រើប្រាស់ និង៥). សូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។
បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងទទួលការដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ពីអាជីវកម្មកាណូតទេសចរណ៍ និងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព-គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម ដើម្បីអនុញ្ញាតឱ្យអាជីវកម្មអាចប្រើប្រាស់សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូរ។
ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីទេសចរណ៍រាជធានី ខេត្ត។
ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មកាណូតទេសចរណ៍ រួមមាន៖
១. ក្រុមហ៊ុន ហែបភី - Happy Boat (ខេត្តកំពត)
២. ក្រុមហ៊ុន នឹក កំពត - Miss Kampot Boat (ខេត្តកំពត)
៣. ក្រុមហ៊ុន ណឹបទូន - Neptune Boat (ខេត្តកំពត)
៤. ក្រុមហ៊ុន ហ្រ្វេនលី - Friendly (ខេត្តកំពត)
៥. ក្រុមហ៊ុន ណារី - Nary Boat (ខេត្តកំពត)
៦. ក្រុមហ៊ុន ឡបលី - Lovely Boat (ខេត្តកំពត)
៧. ក្រុមហ៊ុន វីបូឡា - Vibola Boat (ខេត្តកំពត)
៨. ក្រុមហ៊ុន ទូក ចាសស្មីន - Jasmine Boat (ខេត្តកំពត)
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទ ឬ Telegram លេខ 092 779 833/012 298 954