ខេត្តកំពង់ចាម ចាប់ផ្តើមពង្រឹងវិស័យទេសចរណ៍ ដើម្បីស្រូបភ្ញៀវទេសចរ មកទស្សនាខណៈ៥ឆ្នាំទទួលភ្ញៀវទេសចរបានជាង ២លាននាក់

ខេត្តកំពង់ចាម ចាប់ផ្តើមពង្រឹងវិស័យទេសចរណ៍ ដើម្បីស្រូបភ្ញៀវទេសចរ មកទស្សនាខណៈ៥ឆ្នាំទទួលភ្ញៀវទេសចរបានជាង ២លាននាក់


ខេត្តកំពង់ចាមបានចាប់ផ្តើមពង្រឹងវិស័យទេសចរ ណ៍របស់ខ្លួន ដើម្បីស្រូបយកភ្ញៀវទេសចរទៅទស្សនាកាន់ច្រើន ដែលផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេសចរណ៍ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ទោះបីជាខេត្តកំពង់ចាមមានតំបន់រមណីយដ្ឋានប្រាទបុរាណតិចជាងបណ្តាលខេត្តនានាក៏ដោយ អាជ្ញាធរខេត្ត និងមន្ទីជំនាញ បានជំរុញការគ្រប់គ្រង និងលើកកម្ពស់តំបន់រមណីយដ្ឋាន ក៏ដូចជាប្រាងប្រាសាទនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងខេត្តកំពង់ចាម ឱ្យសប្បាយរីករាយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យដឹងថា ក្នុងនៅក្នុងខេត្តកំពង់ចាម មានតំបន់រមណីយ ដ្ឋានចំនួន១១កន្លែង ក្នុងនោះមានការគ្រប់គ្រងដោយរដ្ឋចំនួន៥កន្លែង និងឯកជន ៦កន្លែង។ រមណីយដ្ឋានប្រវត្តិសាស្ត្រ៤កន្លែង ដូចជា៖ ប្រាសាទអង្គបាជ័យ, ភ្នំហានជ័យ, ភ្នំជើងព្រៃ, និងភ្នំប្រុស ភ្នំស្រី, និងមានរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយកន្លែង គឺប្រាសាទបាធាតុទឹកឆា និងរមណីយដ្ឋានធម្មជាតិ៣កន្លែង រួមមាន៖ បឹងធំ, កោះប៉ែន, ទំនប់តាកុច, និងរមណីយដ្ឋានកែច្នៃ ៣កន្លែង មានកសិ-ទេសចរណ៍ថ្មដា, នាគស្មៅ, និងហាន់ជ័យរីស្សត់។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះក៏មានការរំលោភពីសំណាក់ប្រជាពលរដ្ឋ នៅតំបន់រមណីយដ្ឋានទាំងនោះផងដែរ។ ដូចជាក្រុម ឈ្មួញមួយចំនួនបានចូលកាន់កាប់តំបន់ប្រាសាទបុរាណទាំងនោះ តែរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ ដើម្បីការពារតំបន់ទាំងនោះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។

បើតាមអភិបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា បើសិនមិនបង្កើតក្រុមការងារទេនឹងធ្វើឱ្យប្រជាពលរដ្ឋ ចូលកាន់កាប់តំបន់រមណីយដ្ឋានទាំងនោះ ដែលជាហេតុធ្វើឱ្យមានការបំផ្លិចបំផ្លាញ។ យ៉ាងណាក្តីឯកឧត្តមអ៊ុន ចាន់ដា បានបញ្ជាក់ថា «ឥឡូវយើងបានចេញដំណើរដោយបានគ្រប់គ្រងយ៉ាងល្អ ហើយទទួលបានការសាទរពីប្រជាពលរដ្ឋនៅទីនោះ ហើយមានការទាក់ទាញពីភ្ញៀវទេសចរយ៉ាងច្រើន»។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តកំពង់ចាមបានទទួលភ្ញៀវទេសចរ មកកម្សាន្តចំនួន ២លាន ៥៧ពាន់ ៨៩៥នាក់ ៕