កម្ពុជា-ម៉ាល់ឌីវ សម្រេចលើកលែងទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ

កម្ពុជា-ម៉ាល់ឌីវ សម្រេចលើកលែងទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ


កម្ពុជា និងម៉ាល់ឌីវ បានសម្រេចរួមគ្នា លើកលែងទិដ្ឋាការ Visa រវាងប្រទេសទាំងពីរលើអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតារយៈពេល ៣០ថ្ងៃ។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរវាងគ្នាលើសេចក្តីសម្រេចនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតីម៉ាល់ឌីវថាលោកពិតជារីករាយក្រោយពីបានសម្រេចនូវកិច្ចព្រមព្រៀងទិដ្ឋាការរវាងប្រទេសទាំងពីរ។

លោកបានថ្លែងដូច្នេះថា៖«ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ»។

លោកបន្តថា ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គឺផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ លោកគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាដើម្បីសម្រេចបានគោលដៅទាំងអស់ ដែលប្រទេសទំាងពីរបានឯកភាពគ្នា។

ក្រៅពីនេះ ប្រទេសទាំងពីរក៏បានចុះកិច្ច MOU គ្នាលើវិស័យទេសចរណ៍ កិច្ចព្រមព្រៀងគ្នាលើផ្នែកសេដ្ឋកិច្ច សុខាភិបាល និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕