គ្រឹះស្ថានអង្គរ រក​ចំណូល​បាន​ជាង ១១លានដុល្លារ​ កើន​២ពាន់ភាគរយ​ នៅឆ្នាំ២០២២

គ្រឹះស្ថានអង្គរ រក​ចំណូល​បាន​ជាង ១១លានដុល្លារ​ កើន​២ពាន់ភាគរយ​ នៅឆ្នាំ២០២២


ភ្នំពេញ៖ រយៈពេល​១២ខែ ឆ្នាំ​២០២២ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង ១១លានដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ បើតាម​គ្រឹះស្ថាន​អង្គរ ចំណូល​ក្នុង​ឆ្នាំ​២០២២ កើន​ឡើង​២០៨២,៨៦ភាគរយ ធៀប​នឹង​ឆ្នាំ​២០២១។


ស្របពេល​វិបត្តិកូវីដ-១៩នៅកម្ពុជាបាន​ធូរ​ស្បើយនោះ ដំណើរកម្សាន្តភ្ញៀវ​​ទេសចរក៏មានការកើន​ឡើងវិញ។ ពេញមួយឆ្នាំមកនេះ រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ កើន​ឡើង ២១៣៣ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២១។

កំណើន​ទេសចរនេះ បាន​ផ្ដល់​ចំណូល​ចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើន​ឡើង ២០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១។ តាមរយៈចំណូលខាង​លើ គ្រឹះស្ថាន​អង្គរ​ បាន​បរិច្ចាគ​ទៅ​កាន់មូលនិធិ​​គន្ធ​បុប្ផា​ សរុប​ចំនួន ៥៧៤ ៩០៨ដុល្លារផងដែរ។ 

ក្រៅពី​ចំណូល​នៅ​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ ក៏​ទទួល​បាន​ចំណូល​ពីការ​លក់បណ្ណ​​ចូល​ទស្សនា​ប្រាសាទ​កោះកែរ ចំនួន ៩០៤៥០ដុល្លារផងដែរ។ ដោយ​ឡែក ចំណូល​ពី​ការ​លក់សំបុត្រទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស​ ក្នុង​ឆ្នាំ២០២២វិញ មាន​ចំនួន​ ១៦៥ ៣០៨ដុល្លារ។​ 

សូម​បញ្ជាក់ថា  ដើម្បី​ជំរុញ​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ផែន​ទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែន​ការស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិកូវីដ-១៩។ ក្នុង​ពិធី​បើក​មហា​សន្និបាត​លើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ កាលពី​​ថ្ងៃទី​១០ ធ្នូនេះ សម្ដេច ហ៊ុន សែន រំពឹងថា​កម្ពុជាអាច​ទទួលបាន​ទេសចរផ្ទៃក្នុង​ប្រមាណ ១១លាននាក់ នៅ​ឆ្នាំ​២០២៣៕