ក្រសួងទេសចរណ៍ ប្រកាសដាក់ចេញវិធានការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមកាងាររាជរដ្ឋាភិបាល និងឯកជន នៅថ្ងៃទី១១ ខែមករា នៅទីស្តីការដោយបានប្រកាសដាក់ចេញវិធានការចំនួន១៩ គោលការណ៍ ដើម្បីអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមប្រធានបទ “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ១៩ ថ្លែងថា ដើម្បីធានាភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗដោយឈរលើអភិក្រម (ការជំរុញព្រឹត្តិការណ៍) និង(ការផ្តោតលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ) សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រចំនួន២ រួមមាន៖ ទី១ ពង្រឹងកិត្តិនាមកម្ពុជា នៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងទី២ ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ តាមគ្រប់រូបភាព និងគ្រប់មធ្យាបាយ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣បានជោគជ័យ គឺកម្ពុជាត្រូវរួមគ្នា អភិវឌ្ឍន៍ការងារមួយចំនួន៤ មានដូចជា ចំណុច៖ទី១ អភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមតម្រូវការទីផ្សារទេសចរណ៍ ចំណុច៖ទី២ រៀបចំតម្លៃប្រកួតប្រជែងឲ្យបានសមរម្យ មានគុណភាព និងទាក់ទាញ ចំណុច៖ទី៣ គោលដៅទេសចរណ៍នានាត្រូវរៀបចំសម្រួលការធ្វើដំណើរល្អ លឿន បរិស្ថានល្អ និងទាក់ទាញ និងចំណុច៖ទី៤ រួមគ្នាពង្រីកការផ្សព្វផ្សាយនៅគ្រប់រូបភាព។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីជម្រុញចលនាទេសចរណ៍ក្នុងយុទ្ធនាការនេះដែរ នៅក្នុងឆ្នាំ២០២៣ កម្ពុជា បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន២២ព្រឹតិ្តការណ៍រួមមាន៖ ព្រឹតិ្តការណ៍វប្បធម៌សាសានា និងប្រវត្តិសាស្ត្រចំនួន៧ ពិធីបុណ្យចំនួន៤ ព្រឹត្តិការណ៍កីឡាចំនួន៩ ព្រឹត្តិការណ៍MICE ចំនួន២ និងមានព្រឹត្តិការណ៍នៅតាមខេត្ត និងផ្នែកឯកជនជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បង្ហាញក្តីរំពឹងថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការឆ្នាំទស្សនាការកម្ពុជា២០២៣នេះ ប្រសិនប្រទេសចិនបន្តអនុវត្តគោលនយោបាយZero Covid កម្ពុជា រំពឹងនឹងទទួលបានទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាមានប្រមាណ ៣លាននាក់ ហើយបើប្រទេសចិនដកចេញគោលនយោបាយZero Covid និងព្រឹត្តិការណ៍កីឡាSEA GAME លើកទី៣២នៅកម្ពុជា និងអាស៊ានប៉ារ៉ាហ្គេម បានរៀបចំបានជោគជ័យ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិបាន៤លាននាក់៕អត្ថបទ ស៊ុម សុខជា