គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកាសជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកាសជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣    នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ ។

សេចក្តីជូនដំណឹងបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដូចតទៅ៖

១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។

២៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹក ថ្ងៃ សុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនឱ្យយក លុយ  សម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនេះដែរ នៅថ្ងៃទី៣០  ខែមីនា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន ក៏បានប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការចូលទស្សនាគ្រប់វិញ្ញាសារប្រកួតទាំងអស់។

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរង់ចាំអស់ រយៈពេល៦៤ឆ្នាំ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមោទនភាពមួយសម្រាប់ជាតិ៕