ក្រសួងទេសចរណ៍​ ប្រកាសដាក់ចេញវិធានការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ឆ្នាំ២០២៣

ក្រសួងទេសចរណ៍​ ប្រកាសដាក់ចេញវិធានការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ឆ្នាំ២០២៣


ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមកាងាររាជរដ្ឋាភិបាល និងឯកជន នៅថ្ងៃទី១១ ខែមករា នៅទីស្តីការដោយបានប្រកាសដាក់ចេញវិធានការចំនួន១៩ ​គោលការណ៍ ដើម្បី​អនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ​ក្រោមប្រធានបទ “គ្រប់ថ្ងៃគឺជា​អច្ឆរិយភាព”។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាល ​និងឯកជន ដើម្បីស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ក្នុង ​និងក្រោយវិបត្តិកូវីដ១៩ ថ្លែងថា ដើម្បីធានាភាព​ជោគជ័យ​ក្នុងការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ​២០២៣ ​រាជរដ្ឋាភិបាលបានដាក់ចេញ​នូវវិធាន​ការសំខាន់ៗដោយឈរលើអភិក្រម ​(ការជំរុញព្រឹត្តិការណ៍) និង(ការផ្តោតលើការផ្សព្វផ្សាយ និង​ទំនាក់ទំនងសាធារណៈ) សំដៅសម្រេចគោលដៅ​យុទ្ធសាស្ត្រចំនួន២ រួមមាន៖ ទី១ ពង្រឹង​កិត្តិនាមកម្ពុជា​ នៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ ​ក្រោយវិបត្តិកូវីដ-១៩ និងទី២ ពង្រឹងការ​ផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ​តាមគ្រប់រូបភាព និងគ្រប់មធ្យាបាយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា​២០២៣​បានជោគជ័យ គឺ​កម្ពុជាត្រូវរួមគ្នា ​អភិវឌ្ឍន៍​ការងារមួយចំនួន៤ មានដូចជា ចំណុច៖ទី១ អភិវឌ្ឍន៍​ផលិតផល​ និងសេវាកម្មទេសចរណ៍ ​ស្របតាមតម្រូវការទីផ្សារទេសចរណ៍ ចំណុច៖ទី២ រៀបចំ​តម្លៃប្រកួតប្រជែងឲ្យបានសមរម្យ ​មានគុណភាព និងទាក់ទាញ ចំណុច៖ទី៣ គោលដៅទេសចរណ៍​នានា​ត្រូវរៀបចំសម្រួលការធ្វើដំណើរល្អ លឿន បរិស្ថានល្អ និងទាក់ទាញ​ និងចំណុច៖ទី៤ រួមគ្នា​ពង្រីក​ការផ្សព្វផ្សាយនៅគ្រប់រូបភាព។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ​ដើម្បីជម្រុញចលនាទេសចរណ៍ក្នុងយុទ្ធនាការនេះដែរ ​នៅក្នុងឆ្នាំ២០២៣ កម្ពុជា បាន​រៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន២២ព្រឹតិ្តការណ៍រួមមាន៖ ​ព្រឹតិ្តការណ៍វប្បធម៌សាសានា និងប្រវត្តិសាស្ត្រចំនួន៧ ​ពិធីបុណ្យចំនួន៤ ព្រឹត្តិការណ៍កីឡាចំនួន៩​ ព្រឹត្តិការណ៍MICE ចំនួន២ និងមាន​ព្រឹត្តិការណ៍នៅតាមខេត្ត និងផ្នែកឯកជនជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បង្ហាញក្តីរំពឹងថា​ នៅក្នុងដំណើរអនុវត្តយុទ្ធនាការឆ្នាំទស្សនាការកម្ពុជា​២០២៣​នេះ ប្រសិនប្រទេសចិនបន្តអនុវត្តគោលនយោបាយZero Covid កម្ពុជា រំពឹងនឹងទទួលបាន​ទេសចរណ៍​អន្តរជាតិមកទស្សនាកម្ពុជាមានប្រមាណ​ ៣លាននាក់ ហើយបើប្រទេសចិនដកចេញ​គោលនយោបាយZero Covid ​និងព្រឹត្តិការណ៍កីឡាSEA GAME លើកទី៣២នៅកម្ពុជា និង​អាស៊ានប៉ារ៉ាហ្គេម បានរៀបចំបានជោគជ័យ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ​បាន៤លាននាក់៕អត្ថបទ ស៊ុម សុខជា