ទឹកធ្លាក់ជ្រាវ(ទឹកធ្លាក់៧ជាន់)
ទឹកធ្លាក់ជ្រាវ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីក្រុងច្បារមន ទីរួមខេត្ដកំពង់ស្ពឺ ភាគពាយព្យប្រទេសកម្ពុជា។
ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺជាទឹកធ្លាក់ជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

ជាទីកម្សាន្ដគាប់ចិត្ដភ្ញៀវទេសចរជាតិដែលមិនប្រាថ្នាដើរផ្សងព្រេងលើវិថីវែងឆ្ងាយគ្រាន់តែចតយានជំនិះភ្លាម បោះជំហានប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក់ដំណាក់ទី ១ ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ដ។
ដោយសារតែដំណាក់ទី ២ នៅមិនឆ្ងាយពីដំណាក់ទី ១ ភ្ញៀវទេសចរជាតិដែលខ្លះយួរចំណីចំណុក ហើយខ្លះទៀតលីធុងទឹកកក ឬស្រាបៀរទាំងកេសៗបានឆ្ពោះទៅងូតទឹកហូបចុកអាហារថ្ងៃត្រង់ក្រោមម្លប់ឈើ ឬក្បែរល្បាក់ទឹកធ្លាក់យ៉ាងកងរំពង។
ដំណាក់ទី ២ មានជម្រាល ៣ គន្លាក់ចម្ងាយប្រមាណ ៣០ ម៉ែត្រ និងល្បាក់ធ្លាក់កម្ពស់ប្រមាណ ៣ ម៉ែត្រដែលអំណោយផលក្នុងការងូត និងហែលលេងកម្សាន្ដ។ ប៉ុន្ដែជាទម្លាប់ភ្ញៀវទេសចរក្នុងស្រុកភាគច្រើនចូលចិត្ដនាំគ្នាងូតទឹក និងហែលលេងនៅខ្សែទឹកខាងលើដោយមានជំនឿថា អ្នកលេងខ្សែទឹកខាងក្រោមអាចរងគ្រោះដោយសារសំណល់កង្វល់ផ្សេងៗ។

ចំណែកឯទឹកដំណាក់ទី ៣ ដល់ទី ៧ ស្ថិតនៅឆ្ងាយដែលចំណាយពេលដើរឡើងភ្នំរាប់ម៉ោងភ្ញៀវទេសចរភាគច្រើនមិនចង់បន្ដដំណើរទៀតនោះទេ។ បើទោះបីជាមានគេអះអាងថា នៅដំណាក់បន្ទាប់មានទឹកធ្លាក់កម្ពស់រហូតដល់ជាង ២០ ម៉ែត្រ ស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏មានមនុស្សតិចតួចណាស់តស៊ូស្រឡាញ់បរិស្ថានស្ងប់ស្ងាត់ បន្ដបោះពួយចូលទីកន្លែងជ្រៅៗលាក់ខ្លួនក្នុងធម្មជាតិ។







