ក្រសួងទេសចរណ៍ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ"

ក្រសួងទេសចរណ៍ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ"


ក្រសួងទេសចរណ៍ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ"

នារសៀលថ្ងៃអង្គារ-ពុធ ២-៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ" ក្រោមការអញ្ជើញជាអធិបតីក្នុងពិធីបើករបស់ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងការអញ្ជើញជាអធិបតីក្នុងពិធីបិទរបស់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមពីជាមន្ត្រីជួរមុខបម្រើសេវាសាធារណៈពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ សរុប ១៥០នាក់។

សូមបញ្ជាក់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីចូលរួមចំណែកជំរុញកំណើនវិស័យទេសចរណ៍ ក៏ដូចជាការលើកកម្ពស់ “កម្ពុជា ជាគោលដៅទេសចរណ៍ផ្ដល់ភាពកក់ក្ដៅ” ដល់ភ្ញៀវទេសចរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តអភិក្រម “ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព”។ បន្ថែមពីនេះ ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ២៧ម៉ឺននាក់ កើនឡើង ១.០៥៨,៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១, ចំពោះភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ១៣លាន ៩៣ម៉ឺននាក់ កើនឡើងក្នុងអាត្រា ១៩៩%, និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១លាន ៨៨ម៉ឺននាក់ កើនឡើងក្នុងអាត្រាប្រមាណ ៥៧២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ចំណុចវិជ្ជមាននេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំងបានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្មក្នុងរយៈពេលកន្លងទៅ បានប្រមាណ ៨៥%។

សូមបញ្ជាក់ថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានរៀបចំឯកសារគោលសំខាន់ៗក្នុងទិសដៅគាំទ្រ ជំរុញ និងស្ដារវិស័យសេដ្ឋកិច្ចឡើងវិញរួមមាន៖ ទី១).ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, ទី២).ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥, ទី៣).ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ឆ្នាំ២០២១-២០៣៥, ទី៤).ផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, និងទី៥).វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងរក្សាបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិ ហើយបាននឹងកំពុងឈានចូលដំណាក់កាលងើបឡើងវិញនាពេលនេះ ពិសេសធានាបានយុទ្ធនាការ “កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត បៃតង និងសុវត្ថិភាព” និងជំរុញចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយ “កម្ពុជា ជាគោលដៅទេសចរណ៍កីឡា” តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Game) និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំ២០២៣។