ក្រសួងទេសចរណ៍ចេញសារាចរណែនាំស្ដីពីការលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍

ក្រសួងទេសចរណ៍ចេញសារាចរណែនាំស្ដីពីការលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍


អនុវត្តតាមសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ       ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ជ្រាបថា៖

១)-  រាជរដ្ឋាភិបាលបានសម្រេចលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំង​ប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់​មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បុគ្គលិកបម្រើការក្នុងវិស័យ​ទេសចរណ៍ អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅក្នុងបរិវេណទីកន្លែងសាធារណៈ និង​ទីកន្លែងចំហរ នានា។ ឧទាហរណ៍៖ នៅតាមរមណីយដ្ឋានធម្មជាតិ​នានាដែលមិនកកកុញ ឬនៅក្នុងបរិវេណ​ខាងក្រៅ​នៃមូលដ្ឋានអាជីវកម្មទេសចរណ៍ (សណ្ឋាគារ ភោជនីយដ្ឋាន។ល។) ដែលមានខ្យល់ចេញ-ចូល និង​មិនកកកុញជាដើម

២)-  ដោយឡែកនៅក្នុងបរិវេណកន្លែងបិទជិត ដូចជា៖ បន្ទប់ប្រជុំបិទជិតមានម៉ាស៊ីនត្រជាក់ បន្ទប់ខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ម៉ាស្សា និងទីកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងទៀតដែលស្ថិតក្នុងទម្រង់ជា​បន្ទប់​បិទជិតត្រូវបន្ត​អនុវត្ត “កាតព្វកិច្ច​ពាក់ម៉ាស់”

៣)- រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបុគ្គលិកបម្រើការក្នុង​វិស័យ​ ទេសចរណ៍​ទាំងអស់​នៅតែបន្តពាក់ម៉ាស់ នៅកន្លែងដែលមានមនុស្សកកកុញ ប្រមូលផ្តុំ និងនៅទីកន្លែង​ ដែលមានករណីសង្ស័យជំងឺកូវីដ-១៩

៤)-  មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដោយសម្រួល និងលើកលែងការអនុវត្តចំពោះរាល់ចំណុចពាក់ព័ន្ធនឹង “កាតព្វកិច្ចពាក់ម៉ាស់” (ទាំងចំពោះភ្ញៀវ ទាំងចំពោះបុគ្គលិក និងសាធារណជនទូទៅ) ស្របតាមស្មារតីដូចមានបញ្ជាក់ ក្នុងចំណុចទី១ ទី២ និងទី៣ ខាងលើ។

៥)- មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមគោលការណ៍ណែនាំផ្សេងទៀតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដើម្បីបន្តចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងជំងឺកូវីដ-១៩។