ក្រសួងទេសចរណ៍បិទបញ្ចប់កម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ប្រកបដោយជោគជ័យ

ក្រសួងទេសចរណ៍បិទបញ្ចប់កម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ប្រកបដោយជោគជ័យ


នៅវេលាព្រឹក ថ្ងៃពុធ ៦កើត ខែបុស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំបិទវកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួទេសចរណ៍និងជាអនុប្រធានប្រចាំការនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពី ដឹកនាំពាក់ព័ន្ធរបស់ក្រសួងទេសចរណ៍ សិក្ខាកាម និងមន្ទីរទេសចរណ៍ ទាំង ២៥រាជធានី-ខេត្ត សរុប ៧០នាក់។

តាងនាមតំណាងឯកឧត្តមរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការនៃក្រុមការងាររារដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ថ្លែងនៅក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើ ឯកឧត្តមបានលើរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាន រំលឹកឡើងវិញអំពីជោគជ័យនៃវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២២នេះ ដែលក្នុងនោះរួមមាន ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ដែលពិធីបើកផ្លូវការប្រារព្ធឡើងនៅខេត្តព្រះសីហនុ ក្រោមការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង ការធ្វើជាម្ចាស់ផ្ទះរៀបចំ “មហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក” ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ដែលមានប្រតិភូអន្តរជាតិមកចូលរួម មកពី ២១ប្រទេស (ប្រមាណ ១២០នាក់)។

ជាចុងក្រោយ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានខិតខំរៀបចំ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ អនុម័តនូវឯកសារ “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣” ដ៏សំខាន់នេះឡើង។

ក្រៅពីកម្មវិធីវគ្គបណ្ដុះបណ្ដាល ស្ដីពី “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ក្រសួងទេសចរណ៍ ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយទេសចរផ្ទៃក្នុង។