ក្រសួងទេសចរណ៍កំពុងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ដល់សិក្ខាកាមសរុបប្រមាណ៥០នាក់
ក្រសួងទេសចរណ៍ : នៅរសៀលថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំ នៅកម្មវិធីបណ្ដុះបណ្ដាល “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រមាណជិត ៥០នាក់។
នាក្នុងឱកាសប្រកាសបើកនូវកម្មវិធីបណ្ដុះបណ្ដាល ឯកឧត្តម ណេប សាមុត ក្នុងនាមជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អង្គភាពចំណុះក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ដែលបានប្រមូលផ្ដុំកម្លាំងស្មារតី និងឆន្ទៈមោះមុតក្នុងការអនុវត្តនូវសកម្មភាពជាអាទិភាពនានាក្នុងផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដើម្បីរក្សាបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិ ហើយបាននឹងកំពុងឈានចូលដំណាក់កាលងើបឡើងវិញនាពេលនេះ ពិសេសធានាបានយុទ្ធនាការ “កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត បៃតង និងសុវត្ថិភាព” និងជំរុញចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយ “កម្ពុជា ជាគោលដៅទេសចរណ៍កីឡា” តាមរយៈព្រឹត្តិការណ៍ SEA Game 2023។