ក្រសួងទេសចរណ៍ផ្សព្វផ្សាយយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម»

ក្រសួងទេសចរណ៍ផ្សព្វផ្សាយយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម»


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម» ដើម្បីជំរុញការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ឱ្យបានកាន់តែល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេសចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបន្ថែម។

សិក្ខាសាលាខាងលើនេះធ្វើឡើងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមសុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន។

ទស្សនទាន IBEST គឺសំដៅលើការគិតគូទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។

* I មកពីពាក្យ Improving Service Quality សំដៅដល់រាល់កិច្ចការងារពាក់ព័ន្ធនឹងគុណភាពសេវាកម្ម ការអនុវត្តប្រព័ន្ធចំណាត់ថ្នាក់ក្នុងឧស្សាហកម្មទេសចរណ៍ ស្តង់ដាគុណភាព និងការពង្រឹងជំនាញរបស់បុគ្គលិកបម្រើការ។

* B មកពីពាក្យ Booking ការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវជម្រើសកក់ទុកជាមុន។

* E មកពីពាក្យ Environment ការគិតគូរអំពីបរិស្ថាន ការអនុវត្តស្តង់ដាបៃតង និងចូលរួមរាល់ចលនាប្រឡងប្រណាំងផ្សេងៗដែលពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យទេសចរណ៍។

* S មកពីពាក្យ Safety ការគិតគូរអំពីសុវត្ថិភាពសុខភាពសាធារណៈ ការបន្តអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍។

* T មកពីពាក្យ Technology ការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ តាមគន្លងប្រក្រតីភាពថ្មី ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នវានុវត្តន៍ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤។

ឯកឧត្តម សុង តុងហាប់ បានឱ្យដឹងថា ទស្សនទាន IBEST នេះប្រៀបបាននឹងឯកសារបង្ហាញផ្លូវសម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តប្រែតម្រូវនូវរាល់ផលិតផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការ និងទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

ទី១. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តប្រកាសលេខ ០៣៤ ប្រក.ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST រួមជាមួយសារាចរណែនាំ និងសេចក្ដីជូនដំណឹងដែលបានដាក់ចេញ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដែលនឹងផ្ដល់ជាផលវិជ្ជមានដល់គ្រប់អាជីវកម្មទាំងអស់ ក៏ដូចជាការចូលរួមដល់ការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ផងដែរ។

ទី២. យោងតាមសេចក្ដីជូនលេខ ១១៧ សជណ.អគឧ.ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ក្រសួងទេសចរណ៍នឹងប្រកាសលទ្ធផលរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានជាប់ជាអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ចំនួន៣ដង (លើកទី១ ក្នុងខែឧសភា, លើកទី២ ក្នុងខែតុលា, និងលើកទី៣ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ) ដែលយើងសង្ឃឹមជឿជាក់ថា នឹងមានការចូលរួមពីគ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តនូវគោលការណ៍ណែនាំនេះ។

ទី៣. ធាតុសំខាន់ទី៥ នៃទស្សនទាន IBEST គឺ Technology ដែលកែសម្រួលដល់ការធ្វើប្រតិបត្តិការដោយប្រើបច្ចេកវិទ្យាជាដំណោះស្រាយ ដូច្នេះការចូលរួមមកក្នុង IBEST ក៏យើងប្រើបច្ចេកវិទ្យាជាដំណោះស្រាយដែរ ដោយក្នុងនេះក្រុមការងារក៏បានកំពុងរៀបចំគេហទំព័រមួយដែលអនុញ្ញាតឱ្យអាជីវករទាំងអស់អាចទាំងដាក់ពាក្យ និងទាំងទទួលបានលទ្ធផលតាមប្រព័ន្ធ ដែលមានគេហទំព័រ http://ibest.accommodationregistrar.net នេះតែម្ដង។ ដែលគេហទំព័រនេះ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ។ ដើម្បីឱ្យទាំងអស់គ្នាជ្រួតជ្រាបអំពីរបៀបវិធីសាស្ត្រដាក់ពាក្យក្នុងគេហទំព័រនេះ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏នឹងបញ្ចូលក្នុងវគ្គសិក្សានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ទី៤. សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភាគីឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តនូវរាល់ប្រព័ន្ធចំណាត់ថ្នាក់ និងស្ដង់ដាគុណភាព, វិធានសុវត្ថិភាពទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, និងយុទ្ធនាការគាំទ្រដែលក្រសួងទេសចរណ៍បានដាក់ចេញឱ្យអនុវត្ត ដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឆ្លើយតបនឹងនិន្នាការទេសចរណ៍ថ្មីៗ និងជាពិសេសបន្ថែមពីនេះទៀតនូវរាល់ការណែនាំបន្ថែម តួយ៉ាងដូចជាប្រព័ន្ធស្ដង់ដាវាយតម្លៃគុណភាពរបស់កម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន (China Ready Accreditation) ដែលជាប្រព័ន្ធមួយអនុញ្ញាតឱ្យមូលដ្ឋានអាជីវកម្មត្រៀមខ្លួនជាមុនដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន ដែលយើងរំពឹងថានឹងមានកំណើនក្នុងឆ្នាំ២០២៣នេះ។

ទី៥. ស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ពិចារណា និងទាញយកដោយប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយដូចដែលវាគ្មិនបានបញ្ជាក់អំពីផ្សារបច្ចេកវិទ្យាខ្មែរ (Khmer Tech Market) ដែលជាកម្មវិធីមួយអាចអនុញ្ញាតឱ្យជួបគ្នារវាងតម្រូវការ និងការផ្ដល់ឱ្យនូវប្រភេទផ្សេងៗនៃផលិតផលជាបច្ចេកវិទ្យា ដែលតាមរយៈកម្មវិធីនេះទាំងអស់គ្នាអាចស្វែងរកនូវក្រុមអ្នកជំនាញ (Developer) ដែលអាចជួយបង្កើតនូវដំណោះស្រាយបច្ចេកវិទ្យាផ្សេងៗស្របតាមតម្រូវការរបស់អាជីវកម្ម និងផ្ដល់ជូនសេវាកម្មទាំងនោះតាមការស្នើសុំ។

ទី៦. សំណូមពរដល់អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ត្រូវបង្កើតក្រុមការងារដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ (ពិសេសនាយកដ្ឋានទាក់ទងនឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍) ដើម្បីតាមដានការអនុវត្តនេះ និងធ្វើការប្រជុំជាទៀងទាត់ជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ជាប្រចាំ។ ខ្ញុំក៏សូមស្នើដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ធ្វើការងារជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទាំងអស់ចូលរួមអនុវត្តទស្សនទាន IBESTនេះ ដោយមិនត្រឹមតែធ្វើការផ្សព្វផ្សាយ និងរង់ចាំការដាក់ពាក្យរបស់អាជីវករឡើយ គួរណាស់តែចុះណែនាំផ្ទាល់ និងផ្ដល់ជាឧទាហរណ៍នៃការអនុវត្តជាក់ស្ដែងដល់មូលដ្ឋានអាជីវកម្ម និងជំរុញឱ្យអាជីវកម្មចូលរួមអនុវត្តទស្សនទាន IBESTនេះ៕