ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់ផ្សារ ហាង និងអាជីវកម្មទេសចរណ៍

ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់ផ្សារ ហាង និងអាជីវកម្មទេសចរណ៍


ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយមជ្ឈមណ្ឌលកម្ពុជា 4.0 ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់ផ្សារ ហាង និងអាជីវកម្មទេសចរណ៍ ដែលមានអ្នកចូលរួមពីរដ្ឋបាលរាជធានី ខេត្ត ដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋបាលក្រុង ខណ្ឌ មន្ទីរទេសចរណ៍រាជធានី ខេត្ត អាជីវករនៃអាជីវកម្មទេសចរណ៍ និងអាជីវកម្មដែលមានឧបនិស្ស័យទេសចរណ៍ នៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ប្រមាណ ៣២០នាក់។

វគ្គបណ្តុះបណ្តាលស្តីពីប្រពន្ធ័គ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System)នេះ រៀបចំក្នុងគោលបំណងដើម្បី
១.ឱ្យមន្ត្រីថ្នាក់ក្រោមជាតិមានមូលដ្ឋានក្នុងការប្រើប្រាស់ និងបញ្ចូលទិន្នន័យនៃចំនួនភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងតំបន់គោលដៅទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 
២. ការប្រើប្រាស់នូវប្រពន័្ធនេះ ក៍អាចមានភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្តល់សុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ព្រមជាមួយធានាដល់ការគ្រប់គ្រងនូវភ្ញៀវទេសចរករណីមានការផ្ទុះឡើងនូវជំងឺឆ្លងប្រភេទថ្មី។ 
៣. ដើម្បីត្រៀមខ្លួនបង្ការទប់ស្កាត់នូវហានិភ័យនៃជំងឺឆ្លងដ៏កាចសាហាវផ្សេងៗ ទៀត និងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (Recovery Phase) នៃផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏ដូចជាការត្រៀមឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលចូលរួមដល់ផែនការរបស់រាជរដ្ឋាភិបាលក្នុងការស្តារសដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ។