ទោះបីខ្វះទ្រព្យធានាក្តី ក៏អាចកម្ចីគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ដើម្បីជួយស្តារអាជីវកម្មរបស់ខ្លួនបានដែរ

ទោះបីខ្វះទ្រព្យធានាក្តី ក៏អាចកម្ចីគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ដើម្បីជួយស្តារអាជីវកម្មរបស់ខ្លួនបានដែរ


ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបន្តគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទឹកប្រាក់សរុប ២០០លានដុល្លារ, គិតត្រឹមចុងឆ្នាំ២០២២ បានធានាលើកម្ចី ៨៩លានដុល្លាររួចមកហើយ

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពឲ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ដើម្បីជួយស្តារអាជីវកម្ម តាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ទោះបីខ្វះទ្រព្យធានាក្តី។

សេចក្តីប្រកាសព័ត៌មានរបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះបានប្រកាសបន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កម្ចីទំហំប្រមាណ ៨៩លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោមគម្រោងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «CGCC បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើង ដូចជា សុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ»

ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។ សាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោង BRGS៕