ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ តាមប្រពៃណី មុននឹងចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលទើបនឹងមានដំបូងគេ នៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានរៀបចំពិធីបើកការដ្ឋានសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរទីតាំងនេះគឺមានសារសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។ ក្នុងការសាងសង់សាលាជាតិទាំងពីរនេះ រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ថវិកាសរុបចំនួន១១លានអឺរ៉ូ ឬប្រមាណ ១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សម្រាប់ការសាងសង់អគារ បំពាក់សម្ភារការិយាល័យ និងសម្ភារបណ្តុះបណ្តាល រៀបចំកម្មវិធីសិក្សា និងការបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្រៀនបង្គោលជាដើម។
សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ មានអគារចំនួន ០១ ផ្នែកខាងមុខមានកម្ពស់ ១ជាន់ និង ខាងក្រោយមាន ៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ បណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យ តំបន់បៃតងជាដើម។ អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នៅខេត្តព្រះសីហនុនេះ អាចដាក់សិស្សបានប្រមាណ ៣០០ ទៅ ៤០០នាក់។ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤- ២០២៥ ចំនួនប្រមាណ ២០០នាក់ ជាមួយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែកសំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង(៤)ផ្នែកសេវាកម្មទេសចរណ៍ ស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ នេះគឺជាឱកាសដល់សិស្ស-និស្សិតដែលរស់នៅខេត្តក្នុងតំបន់ឆ្នេរសមុទ្រ (ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង) និងបណ្ដាខេត្តផ្សេងៗទៀតមកទទួលការបណ្ដុះបណ្ដាលនៅទីនេះដើម្បីទទួលបានជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា ជាមួយសម្បទាទ្រទ្រង់ការបណ្ដុះបណ្ដាលគ្រប់គ្រាន់ និងប្រកបដោយគុណភាពដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជា៕