សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់
* ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់
* ខេត្តសៀមរាប ៤៥,៥៥៦នាក់
* រាជធានីភ្នំពេញ ២៩,០៨៧នាក់
* ខេត្តកំពត ២២,២៤២នាក់
* ខេត្តបាត់ដំបង ១៥,៣១៥នាក់
* ខេត្តកែប ១៥,១៨៣នាក់
* ខេត្តកំពង់ចាម ១១,៥១៣នាក់។
នាសប្តាហ៍កន្លងមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀទេសចរ និងប្រពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។
ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី រត់ប្រណាំង ពាក់ កណ្តាល ម៉ា រ៉ា តុង អន្តរជាតិ អង្គរ (Angkor International Half Marathon) លើក ទី២៧ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២២ ដោយមាន អ្នកចូលរួម ជិត៨ ពាន់ នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី ៦៩ប្រទេស។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។
គួរជម្រាបថា ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ហើយ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ៕