កំពត រៀបចំកម្មវិធីធំៗដើម្បីទាក់ទាញទេសចរថ្ងៃឆ្លងឆ្នាំសកល
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានត្រៀមចំកម្មវិធីជាច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩- ៣១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទាក់ទាញទេសចរ។
រដ្ឋបាលខេត្តកំពត កំពុងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ។ តំបន់នីមួយៗ នឹងមានកម្មវិធីជាច្រើន រួមមាន ការប្រណាំងទូកនេសាទ សម្តែងឆ័ត្រយន្តហោះ ប្រដាល់សេរី និងសម្តែងក្បាច់គុនបុរាណខ្មែរ នៅតាមដងព្រែកកំពង់បាយ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល។
បើតាម លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខេត្ត ក៏រៀបចំការប្រគំតន្រ្តីចំនួន៣ទីតាំង ដូចជា នៅពហុកីឡដ្ឋានខេត្ត ទីលានរូបសំណាកព្រះបាទអង្គឌួង និងតាមឆ្នេរព្រែកកំពតកោះស្មៅ។ ខេត្តកំពត មិនខ្វះកន្លែងស្នាក់នោះទេ ព្រោះខេត្តកំពត មានកន្លែងស្នាក់នៅចំនួន៤ ៦០០បន្ទប់។ ទេសចរ អាចបោះតង់តាមឆ្នេរ និងតាមកោះ ដោយមានសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់ផងដែរ។
លោក សយ ស៊ីណុល ថ្លែងដូច្នេះ៖ «រយៈពេល៣ថ្ងៃ ដែលរៀបចំឆ្លងឆ្នាំសកល ខ្ញុំរំពឹងថាទទួលបានភ្ញៀវទេសចរជាច្រើនកុះករ។ ក្នុងនោះខេត្តកំពតក៏បានត្រៀមរួចរាល់សម្រាប់ទេសចរ ដែលមកកម្សាន្តនៅខេត្តកំពតឱ្យទទួលបានភាពរីករាយ»។
សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវឱ្យប្រជាពល ទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តឱ្យបានច្រើនកុះករ និងជួយរក្សាអនាម័យ បរិស្ថានទាំងអស់គ្នាផងដែរ៕