រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ


នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានបុកគ្រឹះសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដោយមានការចូលរួមពីឯកឧត្តម ហ្សាក់ ប៉ីឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមទាំងភ្ញៀវជាតិ-អន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូតនានា ប្រតិបត្តិករទេសចរណ៍ និងសិស្សានុសិស្សសរុបចំនួន ៦៣៧នាក់

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។ ដែលសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញគ្រោងចំណាយលើការសង់សង់អស់ទឹកប្រាក់ ចំនួន ៣ ៤៥១ ៩៧២,១១ដុល្លា និងនៅខេត្តព្រះសីហនុអស់ទឹកប្រាក់ ៣ ០៨៨ ១៨៣,១៧ដុល្លា ដោយគម្រោងសាងសង់សាលាទាំងពីរទីតាំងនេះគ្រោងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លា)ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)។

គម្រោងសាងសង់សាលាជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីការទទួលរងផងប៉ះពាល់ដោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ដែរថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់អគារ២អាគារ ខាងមុខមានកំពស់២ជាន់ ខាងក្រោយកំពស់៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន០៤ផ្នែក សំខាន់ៗរួមមាន៖ (១).ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២).ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣).ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤).ផ្នែកសេវាកម្មទេសចរណ៍។ សាលាជាតិនេះនឹងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ។