ទឹកធ្លាក់ជ្រាវ(ទឹកធ្លាក់៧ជាន់)

ទឹកធ្លាក់ជ្រាវ(ទឹកធ្លាក់៧ជាន់)


ទឹក​ធ្លាក់​ជ្រាវ ៧ ​ដំណាក់​ព្រៃព្រឹក្សា​បៃតង​ខ្ចី​​​ និង​សំឡេង​សត្វ​យំ​​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​លាយឡំ​សូរ​​​ទឹក​ហូរ​ឈូៗ​ឥត​ឈប់ឈរ គឺជា​ភាព​ទាក់ទាញ​បែប​ធម្មជាតិ​នៃ​ទឹក​ធ្លាក់​ជ្រាវ ចម្ងាយ​ប្រមាណ​ ៦០ ​គីឡូម៉ែត្រ​ពី​ក្រុង​ច្បារមន​ ទី​រួម​ខេត្ដ​កំពង់ស្ពឺ​ ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​។

ទឹក​ធ្លាក់​ជ្រាវ​ស្ថិត​នៅក្នុង​ភូមិ​តាំងសំរោង ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ​ជា​ទឹក​ធ្លាក់​ជម្រាល​ច្រើន​ដំណាក់​អំណោយផល​ដល់​ការ​ងូត​ទឹក​លេង​កម្សាន្ដ​ពី​សំណាក់​ភ្ញៀវទេសចរ​​ជាតិ​ និង​អន្ដរជាតិ​។

ជា​ទីកម្សាន្ដ​គាប់​​ចិត្ដ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​មិន​ប្រាថ្នា​ដើរ​ផ្សងព្រេង​លើ​វិថី​វែង​ឆ្ងាយ​គ្រាន់តែ​ចត​យាន​ជំនិះ​ភ្លាម បោះ​ជំហាន​​​ប្រមាណ​តែ​​ជាង ១ ​រយ​ម៉ែត្រ​លោក​អ្នក​នឹង​ទៅ​ដល់​ទឹក​ធ្លាក់​ដំណាក់​ទី​ ១ ​ដែល​មាន​ជម្រាល​ទឹក​ហូរ​សម្រាប់​ងូត​លេង​កម្សាន្ដ​។

ដោយសារ​តែ​ដំណាក់​ទី​ ២ នៅ​មិន​ឆ្ងាយ​​​​ពី​ដំណាក់​ទី​ ១ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ខ្លះ​យួរ​ចំណី​ចំណុក ហើយ​ខ្លះ​ទៀត​លី​ធុង​ទឹកកក​ ឬ​ស្រាបៀរ​​ទាំង​កេសៗ​បាន​ឆ្ពោះ​ទៅ​ងូត​​ទឹក​ហូប​ចុក​​​អាហារ​ថ្ងៃត្រង់​ក្រោម​ម្លប់​ឈើ ឬ​ក្បែរ​ល្បាក់​ទឹក​ធ្លាក់​យ៉ាង​កង​រំពង​។

ដំណាក់​ទី​ ២ មាន​​ជម្រាល​ ៣ ​គន្លាក់​ចម្ងាយ​ប្រមាណ​ ៣០ ​ម៉ែត្រ និង​ល្បាក់​ធ្លាក់​កម្ពស់​ប្រមាណ​ ៣ ​ម៉ែត្រ​ដែល​​អំណោយ​ផល​ក្នុង​​ការ​ងូត​ និង​ហែល​លេង​កម្សាន្ដ​។ ប៉ុន្ដែ​ជា​ទម្លាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ស្រុក​ភាគច្រើន​ចូលចិត្ដ​នាំ​គ្នា​​ងូត​ទឹក​ និង​ហែល​លេង​​នៅ​ខ្សែ​ទឹក​ខាងលើ​ដោយ​មាន​ជំនឿ​ថា អ្នក​លេង​ខ្សែ​ទឹក​ខាងក្រោម​អាច​រងគ្រោះ​ដោយសារ​សំណល់​កង្វល់​ផ្សេងៗ​។

ចំណែកឯ​ទឹក​ដំណាក់​ទី​ ៣​ ដល់​ទី​ ៧ ស្ថិត​នៅ​ឆ្ងាយ​ដែល​ចំណាយ​ពេល​ដើរ​ឡើង​ភ្នំ​រាប់​ម៉ោង​ភ្ញៀវ​ទេសចរ​ភាគច្រើន​​មិន​ចង់​បន្ដ​ដំណើរ​ទៀត​នោះ​ទេ។ បើ​ទោះបី​ជា​មាន​គេ​អះអាង​ថា នៅ​ដំណាក់​បន្ទាប់​​មាន​ទឹក​ធ្លាក់​កម្ពស់​រហូត​​ដល់​ជាង​ ២០ ​ម៉ែត្រ​ ស្រស់​ស្អាត​យ៉ាង​ណា​ក៏ដោយ​ ក៏​មាន​មនុស្ស​តិចតួច​ណាស់​តស៊ូ​ស្រឡាញ់​បរិស្ថាន​ស្ងប់ស្ងាត់​ បន្ដ​​បោះពួយ​ចូល​ទី​កន្លែង​ជ្រៅៗ​លាក់​ខ្លួន​ក្នុង​ធម្មជាតិ។