ទិដ្ឋភាពផ្នែកខ្លះៗនៃសម្រស់ប្រាសាទក្រវ៉ាន់ ទឹកដីអង្គរ
ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះជាត្រូវបានសាងសង់ដោយមន្ត្រីម្នាក់ឈ្មោះ មហីធរវម្ម៌ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ព្រះបាទហស៌វរ្ម័នទី១ នៃសតវត្សទី១០។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច តែចម្លាក់នៅលើ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។ យោងតាមព័ត៌មាននៅលើស៊ុមនៃក្លោងទ្វាររបស់តួប៉មទី២ និងទី៣ និងទី៥ ដែលបានផ្តល់ព័ត៌មានជាសង្ខេបថា មហីធរវម្ម៌បានថ្វាយនូវទីសក្ការៈមួយនៅចំកណ្តាលតួប៉មទី៣ ទៅដល់អាទិទេពនៃសាសនាហិណ្ឌូ ដែលប្រាសាទនេះតំណាងទីស្ថានរបស់ព្រះវិស្ណុ រីឯតួប៉មទី៣ ឧទ្ទិសដល់ព្រះម៉ែទាំងប្រាំ ដែលត្រូវបានកសាងជារូបចម្លាក់ដាក់នៅលើបល្ល័ង្ក យើងឃើញមានរូបរបស់ព្រះម៉ែលក្ស្មីនៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃប៉មនេះ។ សិលាចារឹកបានឱ្យដឹងទៀតថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្រ្តដែលរស់នៅជុំវិញប្រាសាទនេះ ដែលត្រូវបានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកនេះ។ ដោយប្តូរពីរចនាបទបាក់ខែង ទៅតាមរចនាបថកោះកេរ្ដិ៍ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទហស៌វម្ម៌ទី១នៅរាជធានីនៃតំបន់អង្គរ គេឃើញមានរាជធានីថ្មីមួយទៀតដែលកសាងដោយឳពុកមាររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវម្ម៌ទី៤។ ការកសាងប្រាសាទក្រវ៉ាន់និងប្រាសាទធំនៅកោះកេរត្រូវបានកសាងនៅពេលតែមួយ។