កម្ពុជា-ទីម័រខាងកើតធ្វើវេទិកាធុរកិច្ចរួមគ្នាពាក់ព័ន្ធនឹងទេសចរណ៍ និងពាណិជ្ជកម្ម

កម្ពុជា-ទីម័រខាងកើតធ្វើវេទិកាធុរកិច្ចរួមគ្នាពាក់ព័ន្ធនឹងទេសចរណ៍ និងពាណិជ្ជកម្ម


(ភ្នំពេញ)៖ កម្ពុជា-ទីម័រខាងកើតបានរៀបចំវេទិកាធុរកិច្ចលើកទីមួយស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

វេទិកានេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ប្រជាជនពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ទីម័រខាងកើតលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតនឹងជំរុញកិច្ចសហប្រតិបត្តិការទៅកម្រិតបន្ទាប់ទៀត។

ឯកឧត្ដមបានបន្តថា កាលពីម្សិលមិញឯកសារចំនួនពីរច្បាប់ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ទាំងអស់នេះនឹងបើកឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីមានកិច្ចផ្លាស់ប្តូរ និងមិត្តភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលកម្ពុជា-ទីម័រខាងកើតតែងតែគាំទ្រគ្នាទៅវិញទៅមក។ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាសាជាថ្មីម្តងទៀតនូវការគាំទ្រពេញលេញចំពោះការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

ឯកឧត្ដមបានបន្តទៀតថា វេទិកាថ្ងៃនេះមានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានសាធារណៈ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយដែលផ្តោតលើការស្វែងយល់ និងផ្លាស់ប្តូរទស្សនៈសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះនឹងបង្ហាញអំពីវិស័យជាច្រើនផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគម្រោងរួមគ្នាក្នុងប្រធានបទ៖ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដម ថោង ខុន បានបន្ថែមថា ប្រទេសជាសមាជិកអាស៊ាននឹងផ្តោតជាពិសេសលើការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ឱកាសស្មើគ្នាក្នុងការលើកកម្ពស់ការងារសម្រាប់សហគមន៍មូលដ្ឋាន ដូចមានចែងក្នុងសេចក្តីប្រកាសភ្នំពេញស្តីពីការប្រែក្លាយទេសចរណ៍អាស៊ាន ដែលត្រូវដាក់ជូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២។ ផ្នែកទីផ្សារ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រនិមិត្តសញ្ញាទេសចរណ៍អាស៊ានថ្មី និងស្លាកសញ្ញាកំណត់តំបន់ថាជា «គោលដៅសម្រាប់រាល់ក្តីស្រមៃ»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍គណៈប្រតិភូកីឡានៃប្រទេសទីម័រខាងកើត មកចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលខាងមុខ៕