៩ខែនៃឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១លាន ២០ម៉ឺននាក់
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន២០ម៉ឺននាក់ កើនឡើង៨៦១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ក្នុងអង្គប្រជុំរបស់ក្រសួងទេសចរណ៍។
ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពការងាររយៈពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកទិសដៅបន្ត ដែលបានធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom ក្រោមអធីបតីភាពលោកឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ ដោយមានអ្នកចូលរួមទាំងផ្ទាល់និងប្រយោលប្រមាណ១០០នាក់។
កិច្ចប្រជុំនេះបានពិភាក្សានិងត្រួតពិនិត្យលើបច្ចុប្បន្នភាពការងាររយៈពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និងការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។
អង្គប្រជុំបានពិនិត្យលើសកម្មភាព និងលទ្ធផលការងារដែលរាយការណ៍ដោយលេខាធិការដ្ឋាន និងមតិបន្ថែមពីលោកប្រធាននៃអនុក្រុមការងារទាំង៣។ អង្គប្រជុំបានវាយតម្លៃថា ការងារសម្រេចបានពិតជាត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមការកំណត់ស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតប្រាកដមែន។
ជាក់ស្តែងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១លាន២០ម៉ឺននាក់ កើនឡើង៨៦១% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ចំពោះទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តក្នុងប្រទេសមានទេសចរជាតិសរុប៨.៤៤លាននាក់ កើនឡើង២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ១.២លាននាក់ កើនឡើង៦០៥% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ក្នុងនោះផងដែរ លោកឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន បានណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិតបញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺបញ្ហាប្រឈម និងវិបត្តិជាសកលនាពេលបច្ចុប្បន្ន៕