រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាទទួលបានភ្ញៀវសរុបជាង១លាន២សែននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ
(ភ្នំពេញ)៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់»។
លោករដ្ឋមន្ត្រីបានលើកឡើងពីស្ថិតិប្រចាំថ្ងៃថា៖
* ថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន៣៣៩,៤៥៩នាក់។
* ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន៥១២,១២៦នាក់។
* ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន៤០៧,៥៣៦នាក់។
លោកបានបន្តឱ្យដឹងអំពីខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ២១០,១២២នាក់
* ខេត្តសៀមរាប ១៤៣,៤៧០នាក់
* ខេត្តកែប ១១៦,៧៧៦នាក់
* ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់
* ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់
* ខេត្តកំពង់ចាម ៧៩,៥៧៤នាក់
* ខេត្តកំពត ៧៧,៥៤៨នាក់
* ខេត្តកណ្តាល ៥៤,៥៤៦នាក់
* ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់
* ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។
លោក ថោង ខុន បានបន្តថា ប្រជាពលរដ្ឋបានសម្រុកចូលរាជធានីភ្នំពេញវិញនាល្ងាចថ្ងៃចន្ទម្សិលមិញ ដែលធ្វើឱ្យចរាចរណ៍នៅតាមដងផ្លូវជាតិនានាមានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការីដែលទទួលបានច្បាប់ឈប់សម្រាកពី៤-៥ថ្ងៃ។
ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ លោករដ្ឋមន្ត្រី ថោង ខុន សង្កេតឃើញថា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខសណ្តាប់ធា្នប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។
ដោយឡែក មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍សន្និដ្ឋានថា សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕