ចូលរួមអបអរសាទរ សិក្ខាកាមតំណាង៦២រូប បានទទួលវិញ្ញាបនបត្រពីឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ថោង ខុន ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់ភ្នំពេញ និងសៀមរាប

ចូលរួមអបអរសាទរ សិក្ខាកាមតំណាង៦២រូប បានទទួលវិញ្ញាបនបត្រពីឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ថោង ខុន ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់ភ្នំពេញ និងសៀមរាប


នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ អញ្ជើញជាគណៈអធិបតីក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប» ដោយមានអ្នកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍក្នុងស្រុក និងបរទេស តំណាងវិស័យឯកជន ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៣០០ នាក់ តាមការចូលរួមផ្ទាល់ និងពីចម្ងាយ ក្នុងនោះ មានសិក្ខាកាមតំណាង៦២រូបបានទទួលវិញ្ញាបនបត្រស្តីពីការសិក្សាអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមប្រធាន បានវាយតម្លៃថា “អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ ជាក់ស្តែង ការប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័ន ដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណភាពនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ស្របតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ “ការសិក្សារៀនសូត្រពេញមួយជីវិត”។

គួរបញ្ជាក់ផងដែរថា កន្លងមក គណៈកម្មការទី៧នៃរដ្ឋសភាតែងតែគាំទ្រលើគំនិតផ្តួចផ្តើមនានារបស់ក្រសួង និងវិស័យឯកជនដែលជាការរួមចំណែកដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសការបំពាក់បំប៉នសមត្ថភាពក្នុងវិស័យឌីជីថលក្នុងវិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សមខាន់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍សំដៅទទួលយកបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងគុណភាព ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។

វិបត្តិកូវីដ-១៩ ពិតជាបានធ្វើឱ្យវិស័យទេសចរណ៍រងផលប៉ះពាល់ ដែលបានធ្វើឱ្យប្រតិបត្តិករ និងប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតដោយផ្អែកលើវិស័យទេសចរណ៍ជួបប្រទហឧបសគ្គមួយចំនួនក្នុងជីវភាព។ ក្នុងន័យនេះ កណៈកម្មការបានធ្វើការជាបន្តបន្ទាប់ជាមួយក្រួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដើម្បីស្វែងរកដំណោះស្រាយ ហើយវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាសក្ខីភាពនៃការអនុវត្តផែនការសកម្មភាពទាំងនោះ៕