ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៣ ទទួលកម្ចី ៣.៣លានដុល្លារ ពីគម្រោងហិរញ្ញប្បទាន ស្ដារវិស័យទេសចរណ៍ឡើងវិញ

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៣ ទទួលកម្ចី ៣.៣លានដុល្លារ ពីគម្រោងហិរញ្ញប្បទាន ស្ដារវិស័យទេសចរណ៍ឡើងវិញ


(ភ្នំពេញ)៖ បណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលចាប់ផ្តើមដំបូង នៃការអនុវត្តន៍គម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ មានម្ចាស់អាជីវកម្មក្នុងវិស័យនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកបន្តថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំនៅថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានម្ចាស់ជីវកម្មចំនួន១៥ បានដាក់ពាក្យស្នើសុំឥណទាន ហើយធនាគារដែលជាដៃគូបានអនុម័តចំនួន១៣ក្រុមហ៊ុន ស្មើនឹងទឹកប្រាក់៣.៣លានដុល្លារ។

នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បណ្ឌិត លឹម អូន បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ទទួលបានពាក្យស្នើសុំឥណទាន ចំនួន១៥ក្រុមហ៊ុន ក្នុងនោះបានអនុម័តចំនួន១៣ក្រុមហ៊ុន ស្មើនឹងទឹកប្រាក់ ៣.៣លានដុល្លារ»

លោកបណ្ឌិត លឹម អូន បានឲ្យដឹងថា ក្នុងពេលចាប់ផ្តើមដំបូងនៃគម្រោងស្ដារវិស័យទេសចរណ៍ របស់រាជរដ្ឋាភិបាលនេះ មានធនាគារចំនួន៥ ដែលបានចាប់ផ្តល់កម្ចីមុនគេរួមមាន៖ ធនាគារ ជីបម៉ុង, ធនាគារ CIMB, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ អាស៊ី ប៉ាស៊ីហ្វិក និងធនាគារ អេស៊ីលីដា។ ដោយឡែកធនាគារផ្សេងៗទៀត កំពុងអនុវត្តនីតិវិធីផ្ទៃក្នុង។

លោកយល់ឃើញថា ដំណាក់កាលដំបូងនេះ គឺត្រូវការពេលវេលានៃការរៀបចំផ្ទៃក្នុងរបស់ធនាគារ ស្របពេលធនាគារខ្លះ បានធ្វើការងារលឿន ហើយបានចាប់ផ្ដើមមុន និងធនាគារខ្លះមិនទាន់រួចរាល់ជាស្ថាពរ ទាក់ទងនឹងការណែនាំ ក៏ដូចជានីតិវិធីផ្ទៃក្នុង សម្រាប់ការអនុវត្ដឲ្យមានប្រសិទ្ធិភាព។

គូសបញ្ជាក់ថា គម្រោងហិរញ្ញប្បទាន ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ របស់រាជរដ្ឋាភិបាល មានទឹកប្រាក់ចំនួន១៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីការប្រាក់ទាបដល់ម្ចាស់អាជីវកម្ម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដែលមានការចូលរួមពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ចំនួន១៩។

គ្រឹះស្ថានទាំង១៩នោះ រួមមាន៖ ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ CHIP MONG, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា, ធនាគារកាណាឌីយ៉ា, ធនាគារ FTB, ធនាគារហត្ថា, ធនាគារ PhilipBank, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារ Wing និងធនាគារ Sacombank។

បើតាមបណ្ឌិត លឹម អូន ទឹកប្រាក់សរុបដែលទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំង១៩ មានចំនួនសរុប ៩៨,៧៥០ ០០០ ដុល្លាអាមេរិក ពោលគឺលើសពីតម្រូវការជាក់ស្តែង ដែលចង់បានត្រឹមតែ ៧៥,០០០,០០០០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់ដែលត្រូវប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវការប្រើប្រាស់ចំនួន ១៥០លានដុល្លារប៉ុណ្ណោះ ទោះបីជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមលើសក្ដី។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។

គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះ នៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕