ក្នុងឱកាសពិធីបិតអង្គសន្និបាតបូកសរុបការងារទេសចរណ៍ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុសាសន៍ចំនួន០៧៖
ទី១- ត្រូវធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន, ក្រសួងទេសចរណ៍, និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្ត ក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញសម្រាប់ជំរុញ សន្ទុះនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យទេសចរណ៍កម្ពុជា តំបន់ និងសកលលោក ឱ្យបានជាប់ជាប្រចាំ។
ទី២- បន្តជំរុញការស្តារឡើងនៃវិស័យទេសចរណ៍ ដោយត្រូវបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទានតាមរយៈសាជីវកម្មធានាឥណទាននានានា ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍, ការជំរុញអេកូ , ជំរុញអក្ខរកម្មឌីជីថល, ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ សំដៅឈានដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត” ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
ទី៣- បង្កើនភាពទាក់ទាញនៃគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, ជំរុញពិពិធកម្មគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព មានសុវត្ថិភាព តម្លៃប្រកួតប្រជែងខ្ពស់, ត្រូវសិក្សាប្រភពទីផ្សារគោលដៅដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងផ្នែករដ្ឋ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ពិសេសលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមបែបឌីជីថល, ការទូទាត់តាមប្រព័ន្ធឌីជីថល, និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
ទី៤- ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់នៃវិស័យទេសចរណ៍ដែលជាមាស់បៃតងរបស់កម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតនូវវេទិការួមអចិន្ត្រៃយ៍ សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី“រួមគិត, រួមធ្វើ, រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។
ទី៥- បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឱ្យបានកាន់តែខ្លាំងក្លា ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង៖ ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត“វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់
ទី៦- ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹកដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកាន់កម្ពុជា ក្រសួងទេសចរណ៍ និងក្រសួង ស្ថាបន័ពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានល្អប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ភ្ជាប់នូវអភិក្រមស្ថេរភាពនៃតួអង្គតែមួយដើម្បីបង្ករនូវលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជា ពីប្រភពទីផ្សារសំខាន់ៗនៅក្នុងតំបន់ និងសកលលោក។
ទី៧- ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខ្ញុំសូមស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំទាំងនេះ ដាក់ចេញជាយុទ្ធនាការ ឆ្នាំ “ទស្សនាកម្ពុជា” នៅឆ្នាំ២០២៣ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា សូម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនា “កម្ពុជាស្អាត” “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផង៕