កម្ពុជាលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់ពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័ស

កម្ពុជាលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់ពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័ស


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។

តាមរយៈសេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ដូចខាងក្រោម៖

១៖ លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។

ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរទៅលំនៅឋាន ឬទៅកាន់គោលដៅរៀងៗខ្លួនដោយពុំជាប់កាតព្វកិច្ចចត្តាឡីស័ក។

ក្នុងករណីលទ្ធផលតេស្តរហ័សវិជ្ជមានហើយជាករណ៏ជំងឺស្រាល ចំពោះអ្នកដំណើរដែលមានលំនៅឋានសមរម្យ អាចដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅលំនៅឋានរបស់ខ្លួន។ ចំពោះអ្នកដំណើរដែលពុំមានទីតាំងស្នាក់នៅសមស្រប ត្រូវដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថិកិច្ច។ អ្នកដំណើរដែលជាករណីជំងឺស្រាលត្រូវធ្វើការព្យាបាល ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយរាល់ការចំណាយក្នុងការស្នាក់នៅព្យាបាលជាបន្ទុករបស់សាមីបុគ្គល។ ចំពោះករណីជំងឺធ្ងន់ ត្រូវទៅទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ ១៩ នៅតាមមន្ទីរពេទ្យដែលសេវាព្យាបាលជំងឺកូវីដ-១៩ ត្រូវបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធសុខាភិបាលតែមួយ។ ចំពោះអ្នកជំងឺកូវីដ-១៩ ជាជនបរទេសត្រូវទូទាត់ ចំណាយក្នុងការស្នាក់នៅព្យាបាលដោយខ្លួនឯង។

២៖ អ្នកដំណើរជាជនបរទេសដែលត្រូវធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ត្រូវបង់ថ្លៃសេវាធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន ៥ដុល្លារសហរដ្ឋអាមេរិក ក្នុង១នាក់ និងត្រូវអនុវត្តទៅតាមប្រកាសអន្តរក្រសួងរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣៖ អ្នកដំណើរដែលខកខានពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសមូលដ្ឋាន ឬដូសជំរុញ ដោយកត្តានានាដែលពុំមែនជាលក្ខខណ្ឌហាមចាក់ដោយសារកត្តាសុខភាព ត្រូវបានលើកទឹកចិត្តឱ្យប្រញ៉ាប់ទៅចាក់វ៉ាក់សាំងនៅតាមទីកន្លែង ចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។

ទោះបីជាមានការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ។

សេចក្ដីប្រកាសព័ត៌មាននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តទៅ៕