សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ខណៈមកដល់ពេលនេះ សម្រេចបានប្រមាណ ៨៦ភាគរយ

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ខណៈមកដល់ពេលនេះ សម្រេចបានប្រមាណ ៨៦ភាគរយ


ជាមួយនឹងការរីករាយចំពោះវឌ្ឍនភាពនៃការងារសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប សម្រេចបានរហូតមកដល់ពេលនេះ បានប្រមាណ ៨៦ភាគរយហើយៗដែល នឹងគ្រោងដាក់ឱ្យហោះសាកល្បង នៅខែមិថុនាខាងមុខ និងដាក់ឱ្យដំណើរការប្រើប្រាស់នៅខែតុលាខាងមុខផងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ លើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឱ្យការសាសងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេស មុនបើកឱ្យដំណើរការហោះហើរ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឱ្យ លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Inv Group សាងសង់អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោក Liu បានគោរព និងពាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីអគ្គលេខាធិការបក្សខេត្ត និងអភិបាលខេត្តយូណាន់ ជូនចំពោះសម្ដេចតេជោ ហើយបានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាប ដែលរហូមកដល់ពេលនេះសម្រេចសាងសង់បានប្រមាណ៨៦ភាគរយហើយៗដែល នឹងគ្រោងដាក់ឱ្យហោះសាកល្បង នៅខែមិថុនាខាងមុខ និងដាក់ឱ្យដំណើរការប្រើប្រាស់នៅខែតុលាខាងមុខនេះផងដែរ។ លោក Liu ក៏បានជម្រាបជូនសម្ដេចតេជោ អំពីបំណងចង់ធ្វើការផ្សព្វផ្សាយព្រលានយន្តហោះខេត្តសៀមរាប ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជាផង និងអ្នកវិនិយោគមកកាន់កម្ពុជាផង។ លោកក៏បានបញ្ជាក់នូវបំណងរបស់ក្រុមហ៊ុនរបស់លោក ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅខេត្តសៀមរាប។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការរីករាយជាមួយនឹងវឌ្ឍនភាពនៃការងារ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឱ្យការសាសងសង់នោះ ត្រូវតាមបទដ្ឋានទាំអស់ មុនបើកឱ្យដំណើរការហោះហើរ។ សម្ដេចតេជោបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់រវាងប្រទេសផ្សេងៗទៀត ដែលពីមុនមកយន្តហោះធុនធំមិនហ៊ានចុះចត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការធ្វើការផ្សព្វផ្សាយ ទាក់ទាញការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំវិនិយោគ និងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណា ផលិតផ្ទាំងសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ