វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៣ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរចិន១លាននាក់ ដោយអនុវត្តនូវសកម្មភាព៣ចំណុចសំខាន់ៗ

វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៣ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរចិន១លាននាក់ ដោយអនុវត្តនូវសកម្មភាព៣ចំណុចសំខាន់ៗ


នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យ លោក Du TianQiao  នាយកប្រតិបត្តិសមាគមន៍សហប្រតិបត្តិការធុរៈកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិននិងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់់
ប្តូរយោបល់សំដៅជំរុញលំហូរទេសចរចិន-កម្ពុជា ដើម្បីត្រៀមអបអរសាទរខួបលើកទី៦៥នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន ពិសេសដើម្បីជំរុញ និងទាក់ទាញទេសចរចិនឲ្យបាន ១ (មួយ) លាននាក់នៅឆ្នាំ២០២៣នេះ តាមការគ្រោងទុក ដោយសហការគ្នាត្រៀម៖

  1. រៀបចំព្រឹត្តការណ៍ទេសចរណ៍  វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា(ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២) នៅមុនព្រឹត្តការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញផងដែរ។
  2. វេទិកាធុរៈកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិន។
  3. រៀបចំព្រឹត្តការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនា។
    ជាចុងបញ្ចប់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យសមាគមនេះរៀបចំគំរោងច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឲ្យភាគីក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងឲ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តការណ៍ទាំងនេះ ។