ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ២០២៣ -២០២៦ ដោយរំពឹងថាភ្ញៀវទេសចរនឹងទស្សនាខេត្តសៀមរាបបានស្មើ ឬប្រសើរជាងមុនពេលវិបត្តិ (ឆ្នាំ២០១៩)

ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ២០២៣ -២០២៦ ដោយរំពឹងថាភ្ញៀវទេសចរនឹងទស្សនាខេត្តសៀមរាបបានស្មើ ឬប្រសើរជាងមុនពេលវិបត្តិ (ឆ្នាំ២០១៩)


នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦” ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងទេសចរណ៍ និងតាមរយៈប្រព័ន្ធវីដេអូហ៊្សូម (ZOOM) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក-សមាជិការបស់អនុគណៈកម្មការ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, និង វិស័យឯកជន សរុបប្រមាណជិត ៧០ នាក់។

ឯកឧត្តម សុង តុងហាប់ បានលើកឡើងថា ការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ គឺឆ្លើយតបនឹងឯកសារផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ដែលមានរំលេចនៅក្នុងជំពូកទី២ ផ្នែកទី៣ និងតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ក្នុងពិធីប្រកាសសមាសភាព និងគណៈកម្មការចំណុះឱ្យគ.អ.ទ.ស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដែលបានថ្លែងថា "[..]ត្រូវរៀបចំជាបន្ទាន់នូវយុទ្ធសាស្ត្រផ្សព្វផ្សាយសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័ស [..]"។

ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានបន្តទៀតថា ជាចក្ខុវិស័យរបស់ផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ២០២៣ -២០២៦ គឺធ្វើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានស្មើ ឬប្រសើរជាងមុនពេលវិបត្តិ (ឆ្នាំ២០១៩) ដោយសម្រេចបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦។

ជារួម អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំនេះ និងបានផ្តល់ជាមតិយោបល់មួយចំនួនដល់ក្រុមការងារលេខាធិការដ្ឋាន ដើម្បីកែសម្រួល និងយកជាធាតុចូលមកបញ្ចូលក្នុងសេចក្តីព្រាងឯកសារ ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈប្រតិបត្តិ នៃគ.អ.ទ.ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពេលឆាប់ៗនេះ មុននឹងដាក់បញ្ជូនទៅគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ពិនិត្យមុននឹងឈានដល់បានការសម្រេច និងអនុម័តដោយរាជរដ្ឋាភិបាល៕